ប៉ាគីស្ថាន៖ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសន្តិភាពអាមេរិក-អ៉ីរ៉ង់ កំពុងស្ថិតក្នុងដំណាក់កាល «ដង្ហើមចុងក្រោយ» ក្រោយអ៉ីរ៉ង់វាយប្រហារអារ៉ាប៊ីសាអូឌីត (Video inside)
07-04-2026 20:52
(ឥស្លាម៉ាបាដ)៖ ប្រភពពីមន្ត្រីជាន់ខ្ពស់សន្តិសុខប៉ាគីស្ថាន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បេសកកម្មសម្របសម្រួលដើម្បីស្វែងរកកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ នៅតែបន្តដំណើរការនៅឡើយ ប៉ុន្តែវាស្ថិតក្នុងស្ថានភាពដ៏ផុយស្រួយបំផុត ខណៈដែលការវាយប្រហាររបស់អ៉ីរ៉ង់ទៅលើហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅអារ៉ាប៊ីសាអូឌីត បានគំរាមកំហែងដល់ការបិទបញ្ចប់កិច្ចចរចាទាំងស្រុង។
មន្ត្រីប៉ាគីស្ថានដដែលបានព្រមានថា ប្រសិនបើអារ៉ាប៊ីសាអូឌីតសម្រេចចិត្តវាយប្រហារតបតចំពោះការវាយប្រហារនេះ នោះកិច្ចចរចាសន្តិភាពនឹងត្រូវបញ្ចប់ភ្លាមៗ ហើយប៉ាគីស្ថានអាចនឹងត្រូវទាញចូលក្នុងភ្លើងសង្គ្រាម ដោយសារកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមករវាងទីក្រុងឥស្លាម៉ាបាដ និងទីក្រុងរីយ៉ាដ។ បច្ចុប្បន្ន ប៉ាគីស្ថានកំពុងដើរតួនាទីជាអ្នកសម្របសម្រួលដ៏សំខាន់ ដោយព្យាយាមបញ្ចុះបញ្ចូលអ៉ីរ៉ង់ឱ្យចូលតុចរចាដោយគ្មានលក្ខខណ្ឌ ទោះបីជាតេហេរ៉ង់នៅតែបន្តទាមទារលក្ខខណ្ឌតឹងរ៉ឹងដូចជា ការបញ្ឈប់ការវាយប្រហារពីអាមេរិក-អ៉ីស្រាអែល និងការទូទាត់សំណងការខូចខាតក៏ដោយ។
គួរបញ្ជាក់ថា ប៉ាគីស្ថានកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជៀសវាងការធ្លាក់ចូលក្នុងសង្គ្រាមនេះ ដែលអាចបង្កភាពវឹកវរតាមបណ្តោយព្រំដែនភាគខាងលិចជាប់អ៉ីរ៉ង់ និងអាចបង្កជាភាពមិនសប្បាយចិត្តនៅក្នុងចំណោមប្រជាជនកាន់សាសនាឥស្លាមនិកាយស៉ីអ៊ីតដ៏ច្រើនរបស់ខ្លួន។ ក្រសួងការបរទេសប៉ាគីស្ថានបានថ្កោលទោសការវាយប្រហារលើអារ៉ាប៊ីសាអូឌីតថាជា «ការកើនឡើងកម្តៅដ៏គ្រោះថ្នាក់» ដែលបំផ្លាញសន្តិភាពក្នុងតំបន់។ យ៉ាងណាមិញ ក្នុងរយៈពេល «៣ ទៅ ៤ម៉ោងខាងមុខ» ត្រូវបានមន្ត្រីប៉ាគីស្ថានចាត់ទុកថាជាពេលវេលាដ៏សម្រេចចិត្តបំផុត សម្រាប់វាសនានៃកិច្ចសន្ទនាដើម្បីបញ្ចប់សង្គ្រាមដ៏ហិង្សានេះ៕
