FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែលបើកការវាយប្រហារតាមអាកាសដ៏សាហាវបំផុតនៅលីបង់ កំឡុងថ្ងៃបុណ្យ Easter សម្លាប់មនុស្សយ៉ាងហោច ១១នាក់

05-04-2026 22:14

(បេរូត)៖ នាថ្ងៃអាទិត្យ យោធាអ៉ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏សាហាវបំផុតមួយលើប្រទេសលីបង់ ដោយសម្លាប់មនុស្ស ១១នាក់ និងរបួសជាង ៤០នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងចំណោមអ្នកស្លាប់ មានមនុស្ស ៧នាក់បានបាត់បង់ជីវិតនៅភូមិ Kfarhata ភាគខាងត្បូងលីបង់ ក្នុងនោះមានកុមារអាយុ ៤ឆ្នាំម្នាក់​ និង ៤នាក់ទៀតបានស្លាប់នៅតំបន់ Jnah ក្នុងរដ្ឋធានីបេរូត។ ការវាយប្រហារនេះ កើតឡើងស្របពេលដែលគ្រីស្តបរិស័ទលីបង់កំពុងប្រារព្ធពិធីបុណ្យ Easter។ ពេញមួយថ្ងៃអាទិត្យ រដ្ឋធានីបេរូតញ័ររញ្ជួយដោយសារសំឡេងផ្ទុះយ៉ាងហោចណាស់ ៨លើក ពីការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់នៅលីបង់បានកើនដល់ ១,៤៦១នាក់ និងអ្នកជម្លៀសខ្លួនជាង ១លាននាក់។ អ៉ីស្រាអែលបានប្រកាសផែនការបង្កើត «តំបន់សន្តិសុខ» ជម្រៅ ៣០គីឡូម៉ែត្រចូលក្នុងទឹកដីលីបង់ ដោយបានចេញបញ្ជាជម្លៀសពលរដ្ឋគ្របដណ្តប់លើផ្ទៃដី ១៥ភាគរយនៃប្រទេសនេះរួចទៅហើយ៕