ចិន ប្រកាសត្រៀមខ្លួនសហការជាមួយរុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីកាត់បន្ថយកម្តៅនៅមជ្ឈិមបូព៌ា
05-04-2026 22:12
(ប៉េកាំង)៖ នាថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov ថា ប្រទេសចិនមានឆន្ទៈបន្តសហការជាមួយរុស្ស៊ី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាស្វែងរកមធ្យោបាយកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ដំណោះស្រាយជាមូលដ្ឋានសម្រាប់វិបត្តិសេរីភាពនាវាចរណ៍នៅច្រកសមុទ្រ ហ័រមូស (Hormuz) គឺការសម្រេចឱ្យបាននូវ «បទឈប់បាញ់» ជាបន្ទាន់បំផុត។ លោកបានបញ្ជាក់ថា ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលជំហរ ដោះស្រាយបញ្ហាក្តៅៗតាមរយៈកិច្ចសន្ទនា និងការចរចាប្រកបដោយសន្តិវិធី។
គួរបញ្ជាក់ថា កិច្ចសន្ទនារវាងប្រមុខការទូតនៃមហាអំណាចទាំងពីរ បានធ្វើឡើងនៅមុនកិច្ចបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ជុំវិញសេចក្តីសម្រេចចិត្តដែលស្នើឡើងដោយប្រទេសបារ៉ែន ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ កំពុងស្ថិតក្នុងភាពជាប់គាំងដោយសារសង្គ្រាមរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់៕
