លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចសម្រេចបាននៅថ្ងៃចន្ទនេះ
05-04-2026 21:52
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់បណ្តាញទូរទស្សន៍ Fox News ថា លោកមានជំនឿចិត្តថាកិច្ចព្រមព្រៀងមួយជាមួយប្រទេសអ៉ីរ៉ង់ អាចនឹងសម្រេចបាននៅត្រឹមថ្ងៃចន្ទនេះ ដោយលោកអះអាងថា ទីក្រុងតេហេរ៉ង់កំពុងស្ថិតក្នុងកិច្ចចរចាយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក។
ការលើកឡើងរបស់លោក ត្រាំ បានកើតឡើងស្របពេលដែលស្ថានភាពសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ កំពុងបន្តអូសបន្លាយ និងមានភាពតានតឹងយ៉ាងខ្លាំងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងណា មកទល់ពេលនេះ ខាងភាគីអ៉ីរ៉ង់មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ អំពីវឌ្ឍនភាពនៃកិច្ចចរចា ឬលទ្ធភាពនៃការឈានទៅរកកិច្ចព្រមព្រៀងនៅថ្ងៃចន្ទនេះនៅឡើយទេ៕
