អ៉ីរ៉ង់អះអាងថា យន្តហោះយោធាអាមេរិកប៉ុន្មានគ្រឿង ត្រូវបានកម្ទេច អំឡុងបេសកកម្មជួយសង្រ្គោះពីឡុត (Video inside)
05-04-2026 15:21
(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យ ទី៥ ខែមេសា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានប្រកាសថា យន្តហោះយោធាអាមេរិកប៉ុន្មានគ្រឿង ត្រូវបានកម្ទេច អំឡុងបេសកកម្មរបស់ទីក្រុងវ៉ាស៉ីនតោន ដែលមានគោលដៅស្វែងរកនិងជួយសង្រ្គោះពីឡុតអាមេរិក ជាប់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ង់ ក្រោយយន្តហោះចម្បាំងរបស់គេ ត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
«អំឡុងប្រតិបត្តិការរួមគ្នារវាងកងកម្លាំងសន្តិសុខចម្រុះ យន្តហោះប៉ុន្មានគ្រឿងរបស់សត្រូវ ត្រូវបានកម្ទេចចោល»។ IRGC បានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីប៉ូលិសកូម្មង់ដូអ៉ីរ៉ង់ បានប្រកាសថា យន្តហោះយោធា C-130 ១គ្រឿងរបស់អាមេរិក ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងទីក្រុង Isfahan។ ដោយឡែក អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាលនៃកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បាននិយាយថា យន្តហោះដែលត្រូវបានបាញ់ទម្លាក់ទាំងនោះ រួមមានយន្តហោះយោធាដឹកជញ្ជូន C-130 ១គ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រ Black Hawk ២គ្រឿង។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ក៏បានបញ្ចេញរូបភាពនិងឃ្លីបវីដេអូ ដែលអះអាងថា បង្ហាញពីយន្តហោះអាមេរិកទាំងនោះ ក្រោយពេលត្រូវបានកម្ទេចផងដែរ។
គួរបញ្ជាក់ថា នាថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ពីឡុតម្នាក់ចុងក្រោយ ក្នុងចំណោម២នាក់ នៃយន្តហោះចម្បាំងអាមេរិក F-15 ១គ្រឿង ដែលត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃសុក្រ ត្រូវបានរកឃើញនិងជួយសង្រ្គោះចេញពីទឹកដីប្រទេសអ៉ីរ៉ង់ដោយជោគជ័យ ក្រោយប្រតិបត្តិការក្តៅគគុករបស់កងកូម្មង់ដូអាមេរិក។ លោក ត្រាំ បានអះអាងថា ពុំមានទាហានអាមេរិកណាម្នាក់បាត់បង់ជីវិត ឬរងរបួសក្នុងប្រតិបត្តិការសង្រ្គោះនោះទេ។ ពីឡុតម្នាក់ដំបូង ត្រូវជួយសង្រ្គោះបានភ្លាមៗ កាលពីថ្ងៃសុក្រ៕





