FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តី UN ថាយោធាអ៉ីស្រាអែល កម្ទេចប្រព័ន្ធកាមេរ៉ាឃ្លាំមើលរបស់កងកម្លាំងរក្សាសន្តិភាព នៅភាគខាងត្បូងលីបង់ (Video inside)

05-04-2026 14:32

(បេរូត)៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែមេសា មន្រ្តី UN មួយរូប បានឱ្យដឹងថា កងទ័ពអ៉ីស្រាអែលបានកម្ទេចកាមេរ៉ា១៧គ្រឿង ដែលភ្ជាប់ទៅកាន់ទីស្នាក់កណ្តាល​របស់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (UN) នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) បានផ្ទុះឡើងពេញទំហឹងសាជាថ្មី កាលពីថ្ងៃទី២ ខែមីនា បេសកកម្មរក្សាសន្តិភាព UN នៅភាគខាងត្បូងលីបង់ ហៅកាត់ថា UNIFIL បានស្ថិតនៅចំណុចកណ្តាលរវាងភាគីទាំងពីរ ដោយ Hezbollah បានបាញ់ផ្លោងរ៉ុក្កែតទៅលើអ៉ីស្រាអែល ហើយកងទ័ពអ៉ីស្រាអែល ធ្វើការទម្លាក់គ្រាប់បែក រួមជាមួយប្រតិបត្តិការវាយលុកតាមផ្លូវគោក ចូលទៅកាន់ទីក្រុងនៅជាប់ព្រំប្រទល់។

មន្រ្តីសន្តិសុខរបស់ UN បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា កាមេរ៉ា១៧គ្រឿងរបស់ទីស្នាក់ការកណ្តាល UNIFIL ត្រូវបានយោធាអ៉ីស្រាអែល បំផ្លាញចោលនៅក្រុង Naqura ជាទីដែលកងទ័ពអ៉ីស្រាអែល បាននិងកំពុងវាយកម្ទេចអគារផ្សេងៗក្នុងទ្រង់ទ្រាយធំ នាសប្តាហ៍នេះ។ ប្រភពដដែល បានបន្តថា ការវាយកម្ទេចនោះ មិនត្រឹមបំផ្លាញផ្ទះសម្បែងនិងអាជីវកម្មរបស់ជនស៉ីវិលប៉ុណ្ណោះទេ ប៉ុន្តែកម្លាំងនៃការបំផ្ទុះ ក៏បានបង្កការខូចខាតដល់ទីស្នាក់ការ UNIFIL ផងដែរ។

អំឡុងពេលប្រមាណជា១សប្តាហ៍ចុងក្រោយនេះ កងកម្លាំងរក្សាសន្តិភាព UNIFIL ៣នាក់មកពីឥណ្ឌូណេស៉ី បានបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុដាច់ដោយឡែក​ពីគ្នា អំឡុងសង្រ្គាមរបស់អ៉ីស្រាអែល នៅភាគខាងត្បូងលីបង់។ កាលពីថ្ងៃសុក្រ UNIFIL ក៏បានរាយការណ៍ពីការផ្ទុះនៅមូលដ្ឋានរបស់ខ្លួន ក្បែរតំបន់ Odaisseh ផងដែរ ដែលបណ្តាលឱ្យសមាជិកកងកម្លាំង៣នាក់រងរបួស ខណៈឥណ្ឌូណេស៉ី បានបញ្ជាក់ថា អ្នករងរបួសទាំងនោះ គឺជាទាហានរបស់ខ្លួន។ ទីក្រុងហ្សាការតា បានថ្កោលទោសឧប្បត្តិហេតុទាំងអស់នេះ ជារឿងមិនអាចទទួលយកបាន និងទទូចឱ្យបង្កើនការការពារសុវត្ថិភាពកងកម្លាំងរក្សាសន្តិភាព ចំពោះការកើនឡើងខ្លាំង​នៃស្ថានការណ៍ជម្លោះដ៏គ្រោះថ្នាក់។

គួរបញ្ជាក់ថា បើតាម UN សមាជិកកងកម្លាំងរក្សាសន្តិភាពសរុប៩៧នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សា គិតចាប់តាំងពីបេសកកម្ម UNIFIL ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៧៨ ដើម្បីឃ្លាំមើលដំណើរការដកកងទ័ពអ៉ីស្រាអែល ក្រោយពួ​កគេបានឈ្លានពានលើប្រទេសលីបង់៕