អតីតប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ UN ចោទសួរថា តើអន្តរជាតិមួយទាំងមូលមិនអាចធ្វើអ្វីកើតទាល់តែសោះឬ ដើម្បីបញ្ឈប់សង្រ្គាមរបស់លោក ដូណាល់ ត្រាំ (Video inside)
05-04-2026 13:35
(មជ្ឈិមបូព៌ា)៖ អតីតនាយកទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ IAEA របស់អង្គការសហប្រជាជាតិ (UN) បានចោទជាសំណួរទៅកាន់អន្តរជាតិទាំងមូលថា តើគ្មានអ្វីអាចធ្វើបានទាល់តែសោះឬ ដើម្បីបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការគំរាមកាន់តែខ្លាំងលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នៅចាំទេ នៅពេលខ្ញុំបានទុកពេល១០ថ្ងៃឱ្យអ៉ីរ៉ង់សម្រេចឱ្យបានកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ពេលវេលាជិតអស់ហើយ ៤៨ម៉ោងទៀត មុនពេលពួកគេត្រូវប្រឈមមុខជាមួយឋាននរក»។ លោកប្រធានាធិបតីអាមេរិក ចង់សំដៅលើឱសានវាទ ដែលដាក់ចេញកាលពីថ្ងៃទី២៦ ខែមីនា និងផុតកំណត់នៅថ្ងៃទី៦ ខែមេសា។ យ៉ាងណាមិញ ខាងយោធាអ៉ីរ៉ង់បានចេញមុខទាត់ចោលការព្រមាននោះ ដោយនិយាយថា វាជាវោហារសាស្រ្តដ៏អស់សង្ឃឹមមួយ។
ពាក់ព័ន្ធការព្រមានរបស់លោក ត្រាំ អតីតនាយក IAEA លោក Mohamed El-Baradei បានសរសេរជាភាសាអារ៉ាប់នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ស្នើទៅកាន់រដ្ឋាភិបាលប្រទេសតំបន់ឈូងសមុទ្រ ជាថ្មីម្តងទៀតសូមអ្នកប្រឹងប្រែងឱ្យអស់ពីលទ្ធភាព មុនពេលដែលបុរសបាត់បង់ម្ចាស់ការរូបនេះ ប្រែក្លាយតំបន់ទាំងមូល ក្លាយទៅជាដុំបាល់ភ្លើងដ៏សន្ធោសន្ធៅ»។
ទន្ទឹមគ្នានោះ ក្នុងសារដាច់ដោយឡែកជាភាសាអង់គ្លេស លោក El-Baradei ក៏បានសួរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN អគ្គលេខាធិការ UN លោក Antonio Guterres ក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រធានាធិបតីបារាំង ក្រសួងការបរទេសចិន និងក្រសួងការបរទេសរុស្ស៉ីដែរថា «តើពុំមានអ្វីអាចធ្វើទៅបានទាល់តែសោះឬ ដើម្បីបញ្ឈប់សង្រ្គាមដ៏ឆ្កួតលីលានេះ»។
គួរបញ្ជាក់ថា លោក Mohamed El-Baradei ដែលមានអាយុ៨៣ឆ្នាំ គឺជាអតីតអនុប្រធានាធិបតីនៃប្រទេសអេហ្ស៉ីប និងធ្លាប់ដឹកនាំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៩៕




