FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពីឡុតអាមេរិកម្នាក់ចុងក្រោយ ត្រូវបានសង្រ្គោះចេញពីប្រទេសអ៉ីរ៉ង់ដោយជោគជ័យ ក្រោយការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកូម្ម៉ង់ដូអាមេរិក និងកងកម្លាំងអ៉ីរ៉ង់ (Video inside)

05-04-2026 11:53

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីក៏ដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ពីឡុតអាមេរិកម្នាក់ដែលបាត់ខ្លួន ក្រោយយន្តហោះចម្បាំង F-15E ១គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើប្រទេសអ៉ីរ៉ង់ នាពេលនេះត្រូវបានជួយសង្រ្គោះចេញពីទីនោះដោយជោគជ័យហើយ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦។

ពីឡុតខាងលើ គឺជាពីឡុតម្នាក់ចុងក្រោយ ក្នុងចំណោមពីឡុតអាមេរិកសរុប២នាក់។ ពីឡុតម្នាក់ដំបូង ត្រូវបានកងកម្លាំងយោធាអាមេរិក ជួយសង្រ្គោះបានភ្លាមៗ ក្រោយការបាញ់ទម្លាក់យន្តហោះ កាលពីសុក្រសប្តាហ៍នេះ នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ បើតាមមន្រ្តីអាមេរិក ការជួយសង្រ្គោះពីឡុតចុងក្រោយប្រព្រឹត្តទៅដោយជោគជ័យ គឺបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងក្រុមកូម្មង់ដូពិសេសអាមេរិក និងកងកម្លាំងអ៉ីរ៉ង់ ដើម្បីនាំរូបគេចាកចេញពីប្រទេសអ៉ីរ៉ង់។ លោក ត្រាំ អះអាងថា ពុំមានទាហានអាមេរិកណាម្នាក់ បានបាត់បង់ជីវិត ឬរងរបួសធ្ងន់ធ្ងរក្នុងប្រតិបត្តិការសង្រ្គោះនោះឡើយ ប៉ុន្តែបានបន្ថែមថា ពីឡុតរងរបួស។

ដោយឡែក អំឡុងប្រតិបត្តិការជួយសង្រ្គោះពីឡុតម្នាក់ដំបូង ឧទ្ធម្ភាគចក្រអាមេរិក២គ្រឿង បានរងការបាញ់ប្រហារ បណ្តាលឱ្យសមាជិកប៉ុន្មាននាក់រងរបួស ប៉ុន្តែបានចេញផុតពីប្រទេសអ៉ីរ៉ង់ និងចុះចតដោយសុវត្ថិភាព ខណៈយន្តហោះចម្បាំង A-10 ១គ្រឿង ដែលជួយគាំទ្រប្រតិបត្តិការនោះ និងរងការបាញ់ប្រហារដូចគ្នា បានធ្លាក់នៅប្រទេសកូវ៉ែត ប៉ុន្តែពីឡុតផ្តាច់កៅអីចេញពីយន្តហោះទាន់ពេលវេលា ហើយក្រោយមកត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់យោធាអ៉ីរ៉ង់ ប្រព័ន្ធការពារដែនអាកាសថ្មី ត្រូវបានប្រើប្រាស់ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក F-15 និង A-10 ទាំងពីរគ្រឿង។ វាគឺជាលើកដំបូងបង្អស់ ដែលយន្តហោះចម្បាំងអាមេរិក ត្រូវបានបាញ់ទម្លាក់នៅលើប្រទេសអ៉ីរ៉ង់ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពី​ចុងខែកុម្ភៈ។ អំឡុងពេលដែលពីឡុតអាមេរិកម្នាក់ចុងក្រោយ នៅបន្តបាត់ខ្លួនរកមិនទាន់ឃើញ ក្រុមមន្រ្តីអ៉ីរ៉ង់ បានប្រកាសផ្តល់ប្រាក់រង្វាន់ ដល់អ្នកដែលអាចជួយចាប់ខ្លួនរូបគេ៕