អ៉ីរ៉ង់ប្រកាសផ្តល់ប្រាក់រង្វាន់ សម្រាប់អ្នកអាចចាប់ខ្លួនពីឡុតអាមេរិកម្នាក់ ដែលកំពុងបន្តបាត់ខ្លួន ក្រោយយន្តហោះចម្បាំង F-15 ១គ្រឿង ត្រូវបានបាញ់ទម្លាក់ (Video inside)
05-04-2026 08:54
(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ក្រុមមន្រ្តីអ៉ីរ៉ង់កំពុងប្រកាសផ្តល់ប្រាក់រង្វាន់យ៉ាងហោចប្រហែលជាង៦៦០០០ដុល្លារ សម្រាប់ប្រជាជនណា ដែលអាចជួយចាប់ខ្លួនពីឡុតអាមេរិកម្នាក់ ដែលកំពុងបន្តបាត់ខ្លួន បន្ទាប់ពីយន្តហោះចម្បាំង F-15 មួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន BBC នាថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ដែលជាទូទៅមានពីឡុតចំនួន២នាក់ ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងអ៉ីរ៉ង់។ ក្រោយការបាញ់ទម្លាក់ ពីឡុតម្នាក់ត្រូវបានជួយសង្រ្គោះភ្លាមៗដោយយោធាអាមេរិក ប៉ុន្តែម្នាក់ទៀត នៅបន្តបាត់ខ្លួនមកទល់នឹងពេលនេះ។ ប្រតិបត្តិការជួយសង្រ្គោះនោះ មានការចូលរួមពីឧទ្ធម្ភាគចក្រ២គ្រឿង និងយន្តហោះចម្បាំង A-10 Warthog ១គ្រឿង។
ឧទ្ធម្ភាគចក្រ១គ្រឿង ដែលដឹកពីឡុតសង្រ្គោះពីយន្តហោះ F-15E បានរងការបាញ់ប្រហារពីអាវុធធុនស្រាល បណ្តាលឱ្យសមាជិកប៉ុន្មាននាក់រងរបួស ប៉ុន្តែបានចុះចតដោយសុវត្ថិភាព។ រីឯយន្តហោះ A-10 ដែលជួយគាំទ្រកិច្ចប្រឹងប្រែងសង្រ្គោះនោះ ក៏បានរងការបាញ់ប្រហារផងដែរ ប៉ុន្តែពីឡុតបានផ្តាច់កៅអីចេញពីយន្តហោះ នៅលើតំបន់ឈូងសមុទ្រអារ៉ាប់ ហើយក្រោយមកត្រូវបានជួយសង្រ្គោះ។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់យោធាអ៉ីរ៉ង់ ប្រព័ន្ធការពារដែនអាកាសថ្មី ត្រូវបានប្រើប្រាស់ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក F-15 និង A-10 ទាំងពីរគ្រឿង។ វាគឺជាលើកដំបូងបង្អស់ ដែលយន្តហោះចម្បាំងអាមេរិក ត្រូវបានបាញ់ទម្លាក់នៅលើប្រទេសអ៉ីរ៉ង់ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ៕



