អ៉ីរ៉ង់ អនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញមនុស្សធម៌ និងចាំបាច់ ឆ្លងកាត់ច្រកសមុទ្រ Hormuz (Video inside)
04-04-2026 19:59
(Reuters)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានរាយការណ៍នៅថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ ថាអ៉ីរ៉ង់បានអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញមនុស្ស និងចាំបាច់មួយចំនួនធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងលិខិតមួយច្បាប់ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានបញ្ជាក់ទៀតថាកប៉ាល់ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងកប៉ាល់ដែលបច្ចុប្បន្នកំពុងស្ថិតនៅឈូងសមុទ្រអូម៉ង់ ត្រូវតែធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអ៉ីរ៉ង់ និងអនុវត្តតាមពិធីសារដែលបានកំណត់ដើម្បីអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
អ៉ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលធម្មតា ១ភាគ៥នៃពាណិជ្ជកម្មប្រេងរបស់ពិភពលោកត្រូវដឹកជញ្ជូនតាមច្រកសមុទ្រដ៏សំខាន់មួយនេះ ជាការសងសឹកទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕
