បុណ្យឆេងម៉េង ៖ ចងចាំវីរភាពវីរបុរស និង ប្រាជ្ញាចិនស្តីពីបរិស្ថាន
04-04-2026 18:55
(ភ្នំពេញ)៖ បុណ្យឆេងម៉េង គឺជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅមួយរបស់ជនជាតិចិន ដែលមានប្រវត្តិយូរអង្វែងជាង ២៥០០ឆ្នាំ ចាប់តាំងពីសម័យរាជវង្សចូវ។ ពិធីបុណ្យនេះមិនត្រឹមតែ ជាពេលវេលាសម្រាប់សម្អាតផ្នូរ និងគោរពបុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីសម្រស់នៃទស្សនវិជ្ជា វប្បធម៌ និងចក្ខុវិស័យអភិវឌ្ឍន៍ ដែលភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគតយ៉ាងស៊ីជម្រៅ។
ជាស្នូលដ៏សំខាន់ បុណ្យឆេងម៉េងបង្ហាញពីការគោរពប្រវត្តិសាស្ត្រ ដែលជាមូលដ្ឋាននៃអត្តសញ្ញាណជាតិ។ នៅកម្រិតគ្រួសារ ការសម្អាតផ្នូរ និងការគោរពបុព្វបុរស គឺជាការអនុវត្តគុណធម៌ខុងជឺ ដែលបង្រៀនអំពីកិត្តិយស ក្តីស្មោះត្រង់ និងការយល់ដឹងពីឫសគល់។ នៅកម្រិតជាតិ ការរំលឹកវីរភាពវីរបុរស និងជនបដិវត្តន៍ បានក្លាយជាថាមពលវិញ្ញាណដ៏រឹងមាំ ដែលជំរុញឱ្យមានឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការចងចាំវីរបុរសក្នុងបុណ្យនេះ មិនមែនជាការរំលឹកអតីតកាលតែប៉ុណ្ណោះទេ ប៉ុន្តែជាវិធីបណ្តុះស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវរបស់ជំនាន់ថ្មី។ វាបង្កើតឆន្ទៈរួម និងជំនឿថា ការអភិវឌ្ឍជាតិគឺជាកាតព្វកិច្ចរួមរបស់មនុស្សគ្រប់រូប។ ស្មារតីនេះត្រូវបានបន្ត និងបង្កើនតាមរយៈផែនការអភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៦គឺជាផែនការ៥ឆ្នាំលើកទី១៥ ដែលផែនការ៥ឆ្នាំលើកទី១បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ១៩៥៣មក។
ក្នុងបរិបទសម័យទំនើប បុណ្យឆេងម៉េងបានវិវត្តទៅជារូបមន្តនៃការរួមបញ្ចូលរវាងប្រពៃណី និងការអភិវឌ្ឍបៃតង។ ប្រាជ្ញាចិនរយៈពេលជាង២០ឆ្នាំស្តីពី «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» បានបញ្ជាក់យ៉ាងច្បាស់ថា បរិស្ថានល្អ គឺជាមូលធនសេដ្ឋកិច្ចដ៏មានតម្លៃបំផុត។ មិនមែនត្រឹមជាទ្រឹស្តីទេ ប៉ុន្តែត្រូវបានបង្ហាញជាច្បាស់តាមរយៈសមិទ្ធផលជាក់ស្តែង ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលចូលដល់វ័យ១០៥ឆ្នាំ៖
• ការដាំដើមឈើ និងព្រៃឈើ៖ ចាប់តាំងពីឆ្នាំ១៩៨០មក ប្រទេសចិនបានបន្ថែមផ្ទៃដីព្រៃឈើជាង ១០០ លានហិកតា ហើយក្លាយជាប្រទេសដែលមានការកើនឡើងផ្ទៃដីបៃតងលឿនបំផុតនៅលើពិភពលោក។ ក្នុងអំឡុងបុណ្យឆេងម៉េង ប្រជាជនជាច្រើនក៏ចូលរួមដាំដើមឈើ ដោយភ្ជាប់ការគោរពបុព្វបុរសជាមួយការពារធម្មជាតិ។
• ការការពារតំបន់ដីសើម៖ ប្រទេសចិនមានផ្ទៃដីសើមប្រហែល ៥៦ លានហិកតា ហើយបានបង្កើតតំបន់ការពារជាង ៦០០ កន្លែង។ ប្រហែលពាក់កណ្តាលនៃតំបន់សំខាន់ៗត្រូវបានការពារជាផ្លូវការ ដែលជួយរក្សាជីវចម្រុះ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
• ថាមពលស្អាត៖ សមត្ថភាពផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងខ្យល់លើស ១,២០០ ជីហ្គាវ៉ាត់ ហើយថាមពលស្អាតគ្របដណ្តប់ប្រហែល ៥០% នៃសមត្ថភាពសរុប។ វាបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងទៅរកសេដ្ឋកិច្ចបៃតង។
• រថយន្តអគ្គិសនី៖ ចិនកាន់កាប់ប្រហែល ៦០% នៃទីផ្សាររថយន្តអគ្គិសនីពិភពលោក ហើយនៅក្នុងប្រទេសចិនមានរថយន្តអគ្គិសនីលើសពី ៤០ លានគ្រឿងកំពុងប្រើប្រាស់ដែលជួយកាត់បន្ថយការបំពុលខ្យល់ និងការបញ្ចេញឧស្ម័នកាបូនយ៉ាងមានប្រសិទ្ធភាព។
ការរួមបញ្ចូលគ្នារវាងបុណ្យឆេងម៉េង និងគោលនយោបាយបៃតងដោយរួមមានទិវាជាតិអេកូឡូស៊ី និងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ បានធ្វើឱ្យពិធីបុណ្យនេះលើសពីប្រពៃណីរបស់ជនជាតិចិន ទៅជាគំរូសកលមួយរបស់មនុស្សជាតិ។ វាបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ច និងការពារបរិស្ថាន អាចដំណើរការតទៅជាមួយគ្នាបាន ប្រសិនបើមានទស្សនវិជ្ជាត្រឹមត្រូវ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
ជារួម បុណ្យឆេងម៉េងគឺជាការបញ្ចូលគ្នារវាងការចងចាំអតីតកាល ការរស់នៅក្នុងបច្ចុប្បន្ន និងការទទួលខុសត្រូវចំពោះអនាគត។ វាបង្រៀនឱ្យមនុស្សគោរពប្រវត្តិសាស្ត្រ បង្កើតឯកភាពជាតិ និងលើកទឹកចិត្តការពារបរិស្ថាន។ ដោយការភ្ជាប់រវាងវប្បធម៌បុរាណ និងវិទ្យាសាស្ត្រសម័យថ្មី បុណ្យនេះបានក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់មនុស្សជាតិទាំងមូល ក្នុងការស្វែងរកតុល្យភាពរវាងមនុស្ស និងធម្មជាតិ និងកសាងអនាគតប្រកបដោយចីរភាព៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

