FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែល បន្តវាយប្រហារទីក្រុងបេរូត ខណៈអាមេរិកព្រមានថា អ៉ីរ៉ង់អាចកំណត់គោលដៅលេីសាកលវិទ្យាល័យនៅលីបង់ (Video inside)

04-04-2026 09:05

(បេរូត)៖ អ៉ីស្រាអែល បានវាយប្រហារតាមផ្លូវអាកាសលេីទីក្រុងបេរូត កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយយោធានិយាយថាកំណត់គោលដៅទៅហេដ្ឋារចនាសម្ព័ន្ធរបស់ពួកសកម្មប្រយុទ្ធលីបង់ ខណៈដែលសហរដ្ឋអាមេរិកបានព្រមានថា អ៉ីរ៉ង់អាចកំណត់គោលដៅសាកលវិទ្យាល័យនៅក្នុងប្រទេសនេះ ចំពោះមុខការរីករាលដាលនៃសង្រ្គាមមជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦។

អ្នកយកព័ត៌មាន Reuters បានឮសំឡេងផ្ទុះខ្លាំងៗ ៣លេីកនៅទូទាំងទីក្រុង​ កាលពីល្ងាចថ្ងៃសុក្រ ជាពេលដែលគ្រិស្តបរិស័ទជាច្រើនប្រារព្ធពិធីបុណ្យ Good Friday។ តាមប្រព័ន្ធផ្សព្វផ្សាយលីបង់ ការវាយប្រហារត្រូវលេីតំបន់ជាយក្រុងភាគខាងត្បូង​ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីការខូចខាត ឬអ្នករងរបួសនោះទេ។

នាថ្ងៃដដែល ស្ថានទូតអាមេរិកប្រចាំទីក្រុងបេរូត បានព្រមានថា អ៉ីរ៉ង់ និងកងជីវពលដែលជាសម្ព័ន្ធមិត្ត អាចមានបំណងកំណត់គោលដៅសកលវិទ្យាល័យនៅក្នុងប្រទេសលីបង់។ ស្ថានទូតបានណែនាំម្តងហើយម្តងទៀតសម្រាប់ពលរដ្ឋអាមេរិកឱ្យចាកចេញពីលីបង់។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានវាយប្រហារទីក្រុងបេរូតជាញឹកញាប់ ពិសេសតំបន់ជាយក្រុងភាគខាងត្បូង ដែលគ្រប់គ្រងដោយក្រុមហេសបូលឡា។ ហេសបូលឡា ត្រូវបានអូសចូលទៅក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល ឡេីងវិញ ក្រោយអាមេរិក និងអ៉ីស្រាអែល បេីកការវាយប្រហារប្រឆាំងអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

មនុស្សប្រហែល ១ ៣៦៨នាក់ត្រូវបានសម្លាប់ ហើយប្រហែលមួយភាគប្រាំនៃចំនួនប្រជាជនលីបង់ត្រូវផ្លាស់ទីលំនៅ។ ប្រភពបានប្រាប់ Reuters កាលពីសប្តាហ៍មុនថា អ្នកប្រយុទ្ធហេសបូលឡាជាង ៤០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី ២ ខែមីនា៕