លោក ត្រាំ អះអាងថា អាមេរិកអាចបើកច្រកសមុទ្រ Hormuz ឡើងវិញ និង «រកប្រាក់ចំណេញ» ពីការដណ្តើមយកប្រេង (Video inside)
03-04-2026 20:28
(វ៉ាស៊ីនតោន)៖ នាថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកអាចបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញបានយ៉ាងងាយស្រួល ប្រសិនបើមានពេលវេលាបន្តិចទៀត។ លោកបានសង្កត់ធ្ងន់ថា អាមេរិកនឹង «ដណ្តើមយកប្រេង» ហើយនឹង «រកប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់» ពីប្រតិបត្តិការនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា «ដោយគ្រាន់តែចំណាយពេលបន្តិចទៀត យើងអាចបើកច្រកសមុទ្រ Hormuz បានយ៉ាងងាយស្រួល ដណ្តើមយកប្រេង ហើយរកលុយបានជាកញ្ចប់»។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលលោកកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដើម្បីស្វែងរកដំណោះស្រាយរហ័សសម្រាប់សង្គ្រាមប្រឆាំងនឹងអ៉ីរ៉ង់ ដែលបានអូសបន្លាយជិត ៥សប្តាហ៍មកហើយ ដោយបង្កឱ្យមានភាពវឹកវរដល់ទីផ្សារហិរញ្ញវត្ថុ និងវិបត្តិថាមពលសកល។
គួរបញ្ជាក់ថា ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០ភាគរយនៃពិភពលោក បានក្លាយជាអាវុធសងសឹកដ៏មានប្រសិទ្ធភាពរបស់អ៉ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អាមេរិក-អ៉ីស្រាអែល ដែលចាប់ផ្តើមតាំងពីចុងខែកុម្ភៈមក។ ក្នុងសុន្ទរកថាកាលពីថ្ងៃពុធ លោក ត្រាំ នៅតែបន្តគំរាមកម្ទេចរោងចក្រអគ្គិសនីរបស់អ៉ីរ៉ង់ដដែល ប៉ុន្តែលោកនៅតែមិនបានផ្តល់ពេលវេលាច្បាស់លាស់ណាមួយ ថាតើសង្គ្រាមនេះនឹងត្រូវបញ្ចប់នៅពេលណានោះឡើយ៕
