លោក ដូណាល់ ត្រាំ បណ្ដេញរដ្ឋមន្ត្រីយុត្តិធម៌ លោកស្រី Pam Bondi ចេញពីតំណែង (Video inside)
03-04-2026 09:18
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ បានបណ្ដេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Pam Bondi ចេញពីតំណែង ហើយបានតែងតាំងអតីតមេធាវីផ្ទាល់ខ្លួនម្នាក់របស់លោកឱ្យកាន់តំណែងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងយុត្តិធម៌អាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការសម្រេចចិត្តខាងលើដែលលោក ត្រាំ បានប្រកាសក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម កើតមានឡើងនៅចំពេលមានការរិះគន់លើលោកស្រី Bondi ដែលដោះស្រាយ រឿងអាស្រូវរំលោភបំពានផ្លូវភេទ Epstein មិនបានល្អ និងបរាជ័យរបស់លោកស្រីក្នុងការប្ដឹងផ្ដល់មនុស្សជាច្រើននាក់ដែលត្រូវបានចាត់ទុកថាជាសត្រូវនយោបាយរបស់លោក ត្រាំ។
លោក ត្រាំ បានគូសបញ្ជាក់ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានតែងតាំងលោក Todd Blanche ដែលជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក និងសព្វថ្ងៃជាអនុរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកស្ដីទី។
គួរបញ្ជាក់ថា លោកស្រី Bondi គឺជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្រម្នាក់របស់លោក ត្រាំ ប៉ុន្តែលោកស្រីបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រលោក ត្រាំ សម្រាប់បរាជ័យ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបញ្ចេញឯកសាររឿងអាស្រូវពាក់ព័ន្ធនឹងឧក្រិដ្ឋជនផ្លូវភេទ Jeffrey Epstein ដែលបានស្លាប់ក្នុងពន្ធនាគារក្រុងញូវយ៉ក ក្នុងឆ្នាំ២០១៩។
បន្ថែមពីលើនេះ លោកស្រីក៏ត្រូវបានរាយការណ៍ថារងការខឹងសម្បារពីលោក ត្រាំផងដែរ ជុំវិញបរាជ័យក្នុងការប្ដឹងផ្ដល់ប្រឆាំងនឹងមនុស្សមួយដែលត្រូវបានចាត់ទុកថាជាសត្រូវនយោបាយរបស់លោក ត្រាំ ដូចជាអតីតនាយក FBI លោក James Comey និងអគ្គរដ្ឋអាជ្ញា New York លោកស្រី Letitia James៕
