អង់គ្លេសកោះប្រជុំប្រទេស៣៥ ស្វែងរកមធ្យោបាយបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយលោក ត្រាំ ជំរុញឱ្យសម្ព័ន្ធមិត្ត «ទៅដណ្តើមយកដោយខ្លួនឯង» (Video inside)
02-04-2026 20:20
(ឡុងដ៍)៖ នាថ្ងៃព្រហស្បតិ៍ ប្រទេសអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនឡាញមួយ ដោយមានការចូលរួមពីប្រទេសចំនួន ៣៥ រួមមាន បារាំង អាល្លឺម៉ង់ អ៉ីតាលី កាណាដា និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីរកវិធីសាស្ត្រក្នុងការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ការធានាសុវត្ថិភាពផ្លូវទឹកដ៏សំខាន់នេះ គឺជាបញ្ហារបស់ប្រទេសនានាដែលត្រូវដោះស្រាយដោយខ្លួនឯង។ លោក ត្រាំ បានជំរុញយ៉ាងចាស់ដៃឱ្យសម្ព័ន្ធមិត្តទាំងនោះ «មានភាពក្លាហានបន្តិចទៅ ហើយចូរទៅច្រកសមុទ្រនោះ រួចដណ្តើមយកវាទៅ!»។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper នឹងដឹកនាំកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីវិធានការការទូត និងនយោបាយ ក្នុងការស្តារសេរីភាពនាវាចរណ៍ឡើងវិញ បន្ទាប់ពីការឈប់បាញ់ត្រូវបានសម្រេច។
គួរបញ្ជាក់ថា អ៉ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការពិភពលោក ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែល កាលពីចុងខែកុម្ភៈ។ ផែនការដែលកំពុងពិភាក្សា រួមមានដំណាក់កាលទី១៖ ការបោសសម្អាតមីនសមុទ្រ និងដំណាក់កាលទី២៖ ការដាក់ពង្រាយកម្លាំងការពារនាវាដឹកប្រេង៕
