ប្រទេសមូស្លីមចំនួន៨ ថ្កោលទោសច្បាប់ប្រហារជីវិតថ្មីរបស់អ៉ីស្រាអែល ដែលកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីន (Video inside)
02-04-2026 20:19
(ឥស្លាម៉ាបាដ)៖ នាថ្ងៃព្រហស្បតិ៍ ប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាមចំនួន ៨ បានចេញសេចក្តីថ្លែងការណ៍រួមមួយតាមរយៈក្រសួងការបរទេសប៉ាគីស្ថាន ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការអនុម័តច្បាប់ថ្មីរបស់អ៉ីស្រាអែល ដែលដាក់ទោសប្រហារជីវិតដោយការព្យួរក ទៅលើជនជាតិប៉ាឡេស្ទីន ដែលត្រូវបានកាត់ទោសដោយតុលាការយោធាពីបទវាយប្រហារដ៏សាហាវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសទាំង៨ រួមមាន៖ ប៉ាគីស្ថាន, តួកគី, អេហ្ស៊ីប, ឥណ្ឌូនេស៊ី, ហ្ស៊កដានី, កាតា, អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានចាត់ទុកច្បាប់នេះថាជា «ការកើនឡើងកម្តៅដ៏គ្រោះថ្នាក់» និងអំពាវនាវឱ្យមានការអត់ធ្មត់ ដើម្បីចៀសវាងការផ្ទុះជម្លោះកាន់តែខ្លាំង។ រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន ក៏បានចូលរួមថ្កោលទោសច្បាប់នេះថាជា «ការបន្តនៃអំពើគាបសង្កត់» ផងដែរ។ អ្នករិះគន់បានចង្អុលបង្ហាញថា ច្បាប់នេះគឺមានលក្ខណៈរើសអើង ដោយសារវាអនុវត្តចំពោះតែជនជាតិប៉ាឡេស្ទីន ប៉ុន្តែមិនអនុវត្តចំពោះជនជាតិយូដាអ៉ីស្រាអែលដែលប្រព្រឹត្តបទល្មើសដូចគ្នាឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានថ្កោលទោសច្បាប់នេះថាជាការបំពានច្បាប់អន្តរជាតិ។ ទន្ទឹមគ្នានេះ សហភាពអឺរ៉ុប អាល្លឺម៉ង់ និងកាណាដា ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដែលកើតឡើងក្នុងពេលដែលអ៉ីស្រាអែលកំពុងរងការរិះគន់យ៉ាងខ្លាំង ចំពោះអំពើហិង្សារបស់ជនតាំងទីលំនៅយូដាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់វេសប៊ែង៕
