FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រញ្ជួយដី ៧.៤រ៉ិចទ័រ អង្រួនឆ្នេរភាគខាងកើតឥណ្ឌូណេស៉ី មនុស្សម្នាក់បានបាត់បង់ជីវិត (Video inside)

02-04-2026 15:37

(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានកើតឡើង នៅក្បែរឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌូណេស៉ី នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសានេះ ដោយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងជំរុញឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ ដែលក្រោយមកត្រូវបានដកចេញវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយនេះគឺនៅជម្រៅ ៣៥គីឡូម៉ែត្រក្រោមសមុទ្រ Molucca ចន្លោះប្រជុំកោះនៃខេត្ត Sulawesi និងខេត្ត Maluku កាលពីព្រឹកព្រលឹម។ អ្នកជួយសង្រ្គោះក្នុងតំបន់ ប្រាប់ AFP ថាមនុស្សម្នាក់បានស្លាប់ នៅពេលដែលអគារបាក់រលំក្នុងទីក្រុង Manado ភាគខាងជើងខេត្ត Sulawesi ហើយក៏មានម្នាក់ទៀតត្រូវរបួសជើង។

ក្នុងរយៈពេលកន្លះម៉ោងនៃការរញ្ជួយដី មានការសង្កេតឃើញ រលកសមុទ្រកម្ពស់ដល់ ៧៥សង់ទីម៉ែត្រ នៅកោះ North Minahasa និងរលកកម្ពស់ ២០សង់ទីម៉ែត្រនៅកោះ Bitung។ កោះទាំងពីរស្ថិតនៅភាគខាងជើងនៃប្រជុំកោះ Sulawesi នេះបើយោងតាមទីភ្នាក់ងារភូមិសាស្ត្រ BMKG របស់ឥណ្ឌូណេស៉ី។

ពីដំបូង មជ្ឈមណ្ឌលជូនដំណឹងអំពីរលកយក្សស៊ូណាមិប៉ាស៉ីហ្វិក (PTWC) ដែលមានមូលដ្ឋាននៅកោះ Hawaii បានព្រមានថារលកយក្សស៊ូណាមិដ៏គ្រោះថ្នាក់ អាចកើតមានក្នុងចម្ងាយ ១ ០០០គីឡូម៉ែត្រ ពីចំណុចកណ្តាលតាមឆ្នេរសមុទ្រឥណ្ឌូណេស៉ី ហ្វីលីពីន និងម៉ាឡេស៉ី។ ជាងពីរម៉ោងក្រោយ PTWC បានដកការព្រមាននេះវិញ៕