FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនបន្ទោសថា ឫសគល់នៃការបិទខ្ទប់ច្រកសមុទ្រ Hormuz គឺមកពីអាមេរិកនិងអ៉ីស្រាអែល ទៅវាយប្រហារបង្ករឿងដាក់អ៉ីរ៉ង់មុន (Video inside)

02-04-2026 15:12

(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ចិនបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែលលើប្រទេសអ៉ីរ៉ង់ គឺជាឫសគល់ដែលនាំឱ្យមានការបិទខ្ទប់ច្រកសមុទ្រ Hormuz បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តទទូចឱ្យ​ប្រទេសដែលរងផលប៉ះពាល់ ចូលរួមជួយបើកច្រកផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅពេលត្រូវបានសាកសួរ អំពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងយ៉ាងដូច្នេះថា «ឫសគល់នៃបញ្ហារាំងស្ទះការធ្វើចរាចរណ៍កាត់តាមច្រកសមុទ្រ Hormuz គឺប្រតិបត្តិការយោធាខុសច្បាប់របស់អាមេរិកនិងអ៉ីស្រាអែល ប្រឆាំងលើអ៉ីរ៉ង់»។ កាលពីថ្ងៃពុធ លោក ត្រាំ បានអំពាវនាវសាជាថ្មីឱ្យ​បណ្តាប្រទេសនានា ដែលទទួលបានប្រេងតាមច្រកសមុទ្រ Hormuz នាំគ្នាជួយការពារសុវត្ថិភាពនៅទីនោះ ហើយទទូចឱ្យពួកគេ​ដណ្តើមយកវាមកវិញ។

គួរបញ្ជាក់ថា ក្រោយរងការវាយប្រហារពីអាមេរិកនិងអ៉ីស្រាអែល ចាប់តាំងពីចុងខែកុម្ភៈមក អ៉ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រ Hormuz សឹងទាំងស្រុង ខណៈវាគឺជា​ទីដែលប្រេងក៏ដូចជាឧស្ម័នប្រហែល ២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ។ ប្រការនេះបាននិងកំពុងធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នហក់ឡើងខ្ពស់ជាសកល៕