FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាមីយ៉ាន់ម៉ា នឹងបោះឆ្នោតនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជ្រើសរើសប្រធានាធិបតី (Video inside)

02-04-2026 14:43

(ណៃពិដោ)៖ នៅថ្ងៃសុក្រ ទី៣ ខែមេសា សភាជាតិនៃប្រទេសមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតី ខណៈលោក Min Aung Hlaing ដែលជាអតីតមេបញ្ជាការកំពូលកងទ័ព និងជាអតីតប្រមុខរដ្ឋាភិបាលយោធា ត្រូវបានរំពឹងថា នឹងជាអ្នកដែលត្រូវបានជ្រើសរើស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឧត្តមសេនីយ៍អាយុ៦៩ឆ្នាំរូបនេះ ដែលបានដឹកនាំការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០២១ ដើម្បីផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់​របស់លោកស្រី អោងសាន ស៊ូជី ហើយរុញប្រទេសឱ្យធ្លាក់ក្នុងសង្រ្គាមស៉ីវិលមកទល់សព្វថ្ងៃ បានលាលែងពីតំណែងអគ្គមេបញ្ជាការកងទ័ព កាលពីថ្ងៃចន្ទ ក្រោយកាន់តួនាទីនេះអស់រយៈពេល១៥ឆ្នាំ។

ក្នុងថ្ងៃដដែលនោះ សមាជិកសភាជាន់ទាបមីយ៉ាន់ម៉ា បានជ្រើសតាំងរូបលោក ជាបេក្ខជនអនុប្រធានាធិបតី រួមជាមួយបេក្ខជន២នាក់ទៀត ដែលត្រូវបានជ្រើសតាំងដោយសភាជាន់ខ្ពស់ និងប្លុកអ្នកតំណាងរបស់យោធានៅក្នុងសភា។ ប្រធានសភា លោក Aung Lin Dwe បានប្រកាសថា សម័យប្រជុំរួមរវាងសភាទាំងពីរ ដែលរួមមានទាំងអ្នកតំណាងរបស់យោធា នឹងប្រព្រឹត្តទៅនៅម៉ោង ១០ព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជ្រើសរើសប្រធានាធិបតី ក្នុងចំណោមបេក្ខជនអនុប្រធានាធិបតីទាំង៣រូប។

គួរបញ្ជាក់ថា ការជ្រើសរើសប្រធានាធិបតីនេះ គឺបន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ា បានរៀបចំការបោះឆ្នោតសកលដ៏ចម្រូងចម្រាស កាលពីចន្លោះខែធ្នូ និងខែមករា ដែលគណបក្សគាំទ្រដោយយោធា ជាអ្នកទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែបានរងការរិះគន់យ៉ាងទូលំទូលាយថា ជាការបោះឆ្នោតក្លែងក្លាយ ពីសំណាក់អង្គការសហប្រជាជាតិ និងក្រុមប្រទេសលោកខាងលិចជាច្រើន៕