FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីអូស្រ្តាលី ថាគោលដៅដើមនៃសង្រ្គាមអ៉ីរ៉ង់ហាក់សម្រេចបានអស់ហើយ មិនច្បាស់ថាលោក ត្រាំ នៅបន្តចង់បានអ្វីទៀត (Video inside)

02-04-2026 13:30

(កង់បេរ៉ា)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី លោក Anthony Albanese បាននិយាយថា គោលដៅដំបូងនៃសង្រ្គាមអ៉ីរ៉ង់ ហាក់ត្រូវសម្រេចបានអស់ហើយ ដូច្នេះវាមិនច្បាស់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅបន្តចង់បានអ្វីទៀតឱ្យប្រាកដ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ​Albanese បានកត់សម្គាល់ថា ការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល បានបំផ្លាញយ៉ាងខ្លាំង ចំពោះកងទ័ពអាកាស កងទ័ពជើងទឹក និងមូលដ្ឋានឧស្សាហកម្មយោធា របស់ប្រទេសអ៉ីរ៉ង់។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបន្តថា ដោយឥឡូវគោលដៅទាំងនេះ ត្រូវសម្រេចបានហើយនោះ វាមិនច្បាស់ថា តើនៅមានអ្វីទៀតដែលត្រូវសម្រេច ឬតើចុងបញ្ចប់ នឹងមានរូបរាងបែបណា។ លោក Albanese បានសង្កត់ធ្ងន់ថា «អ្វីដែលច្បាស់នោះ គឺបើសង្រ្គាមអូសបន្លាយកាន់តែយូរ សេដ្ឋកិច្ចពិភពលោក នឹងរងផលប៉ះពាល់កាន់តែធ្ងន់»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោក Anthony Albanese ធ្វើឡើង ស្របពេលដែលលោក ដូណាល់ ត្រាំ ក្នុងថ្ងៃដដែល បានថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងសង្រ្គាមអ៉ីរ៉ង់។ បើតាមលោក ត្រាំ គោលដៅយុទ្ធសាស្រ្តស្នូលនៃការធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ គឺជិតសម្រេចជាស្ថាពរហើយ ប៉ុន្តែលោកបានប្តេជ្ញាបង្កើនការវាយប្រហារឱ្យ​ខ្លាំងក្លាបំផុត ក្នុងរយៈពេល២-៣សប្តាហ៍ខាងមុខលើអ៉ីរ៉ង់។ កន្លងមកនេះ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក មានគោលដៅវាយបំបាក់យោធាអ៉ីរ៉ង់, បញ្ចប់ការគាំទ្ររបស់អ៉ីរ៉ង់ សម្រាប់ក្រុមចលនាប្រដាប់អាវុធនៅក្នុងតំបន់ ហើយទប់ស្កាត់មិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ៕