FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកបញ្ជូនអវកាសយានិក ឆ្ពោះទៅឋានព្រះចន្ទជាលើកដំបូង ក្នុងរយៈពេលជាងកន្លះសតវត្សរ៍ (Video inside)

02-04-2026 09:28

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជូនក្រុមអវកាសយានិក ឆ្ពោះទៅកាន់ឋានព្រះចន្ទសាជាថ្មី ដែលជាលើកដំបូងបង្អស់ ក្នុងរយៈពេល៥៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦។

អវកាសយានិកអាមេរិក៣នាក់ រួមជាមួយអវកាសយានិកកាណាដាម្នាក់ បានធ្វើដំណើរចេញពីផ្ទៃផែនដី កាលពីថ្ងៃពុធសប្តាហ៍នេះ តាមរយៈយានអវកាស Orion និងរ៉ុក្កែត SLS សម្រាប់បេសកកម្មសាកល្បងដ៏សំខាន់មួយ មានរយៈពេលសរុបចំនួន១០ថ្ងៃ ទៅហោះក្រឡឹងជុំវិញឋានព្រះចន្ទ ហើយត្រឡប់មកវិញ ខណៈវានឹងជាការធ្វើដំណើរជ្រៅបំផុត ចូលទៅក្នុងលំហអវកាសសម្រាប់មនុស្ស គិតមកទល់ពេលនេះ។

គួរបញ្ជាក់ថា បេសកកម្មខាងលើ ដែលហៅថា Artemis 2 គឺជាបេសកកម្មធ្វើតេស្តបញ្ជូនមនុស្សលើកដំបូង នៅក្នុងកម្មវិធី Artemis របស់ NASA ដែលមានគោលដៅចម្បងនាំយកមនុស្សទៅដល់លើផ្ទៃព្រះចន្ទជាថ្មីម្តងទៀត។ ចាប់តាំងពីបេសកកម្ម Apollo 17 កាលពីឆ្នាំ១៩៧២មក គឺមិនធ្លាប់មានមនុស្សទៅជាន់លើផ្ទៃព្រះចន្ទ​ទៀតឡើយ ដែលជាគោលដៅមួយ NASA គ្រោងសម្រេចឱ្យបានសាជាថ្មី ក្នុងឆ្នាំ២០២៨ តាមរយៈបេសកកម្ម Artemis 4 នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់លើពិភពលោក ដែលបាននាំមនុស្សទៅដល់លើ​ផ្ទៃព្រះចន្ទ ក្នុងបេសកកម្មសរុបចំនួន៦ នៃកម្មវិធី Apollo អំឡុងការរត់ប្រណាំងវិស័យអវកាស ជាមួយអតីតសហភាពសូវៀត (រុស្ស៉ី)៕