បារាំងតបតលោក ត្រាំ៖ អង្គការ NATO គឺសម្រាប់ការពារដែនដីអឺរ៉ុប មិនមែនសម្រាប់ប្រតិបត្តិការវាយលុកនៅច្រកសមុទ្រ Hormuz ឡើយ (Video inside)
01-04-2026 22:39
(ប៉ារីស)៖ រដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងកងទ័ពបារាំង លោកស្រី Alice Rufo បានចេញមុខតបតនឹងការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ដកអាមេរិកចេញពីអង្គការណាតូ (NATO) ដោយលោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធភាពយោធាមួយនេះ ត្រូវបានបង្កើតឡើងដើម្បីធានាសន្តិសុខក្នុងតំបន់អឺរ៉ុប-អាត្លង់ទិកប៉ុណ្ណោះ មិនមែនសម្រាប់បើកប្រតិបត្តិការវាយលុកនៅច្រកសមុទ្រ ហ័រមូស (Hormuz) នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានព្រមានថា លោកកំពុងពិចារណាដកសហរដ្ឋអាមេរិកចេញពីណាតូ ដោយសារតែបណ្តាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប រួមទាំងបារាំង និងអង់គ្លេស បានបដិសេធមិនជួយគាំទ្រប្រតិបត្តិការយោធារបស់អាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់។ លោកស្រី Rufo បានថ្លែងក្នុងសន្និសីទសន្តិភាពនៅទីក្រុងប៉ារីសថា «សូមរំលឹកថា ណាតូជាសម្ព័ន្ធភាពយោធាដែលយកចិត្តទុកដាក់លើសន្តិសុខតំបន់អឺរ៉ុប-អាត្លង់ទិក។ វាមិនត្រូវបានរចនាឡើងដើម្បីអនុវត្តប្រតិបត្តិការនៅច្រកសមុទ្រ Hormuz ឡើយ ដែលនេះនឹងក្លាយជាការបំពានច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងប៉ារីស និងទីក្រុងវ៉ាស៊ីនតោន បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីបារាំងបានបដិសេធមិនអនុញ្ញាតឱ្យអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីដឹកជញ្ជូនអាវុធអាមេរិកទៅធ្វើសង្គ្រាមលើអ៉ីរ៉ង់។ លោកស្រី Rufo បានទទួលស្គាល់ថា ភាគីអាមេរិកពិតជាមានការខឹងសម្បារចំពោះការបដិសេធនេះ ប៉ុន្តែលោកស្រីបានការពារជំហររបស់បារាំងថា ទីក្រុងប៉ារីសចង់ស្វែងរកដំណោះស្រាយសន្តិភាព ដើម្បីស្តារសេរីភាពនាវាចរណ៍ឡើងវិញ តាមរយៈមធ្យោបាយ «មិនមែនជាការវាយលុក» នោះទេ៕
