លោក ត្រាំ គំរាមដកអាមេរិកចេញពីអង្គការណាតូ ក្រោយខកចិត្តនឹងសម្ព័ន្ធមិត្តអឺរ៉ុបក្នុងសង្គ្រាមលើអ៉ីរ៉ង់ (Video inside)
01-04-2026 19:56
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាថ្មីពីលទ្ធភាពនៃការដកសហរដ្ឋអាមេរិកចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយសារតែបណ្តាប្រទេសសមាជិកអឺរ៉ុប មិនព្រមជួយសម្របសម្រួលបញ្ហាការបិទច្រកសមុទ្រហ័រមូស (Hormuz) ក្នុងអំឡុងសង្គ្រាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ។
ក្នុងបទសម្ភាសន៍ជាមួយកាសែត Daily Telegraph លោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបយ៉ាងចាស់ដៃ ដោយលោកអះអាងថា លោកពុំដែលជឿជាក់លើអង្គការណាតូឡើយ ដោយលោកបានហៅសម្ព័ន្ធភាពយោធាមួយនេះថាជា «ខ្លាក្រដាស» តែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា «ខ្ញុំតែងតែដឹងថាពួកគេជាខ្លាដែលធ្វើពីក្រដាស ហើយលោក ពូទីន ក៏ដឹងរឿងនេះដែរ»។ ការលើកឡើងដ៏កម្រ និងមានឥទ្ធិពលខ្លាំងនេះ បានធ្វើឱ្យកិច្ចព្រមព្រៀងសន្តិសុខអឺរ៉ុបទាំងមូល កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈសង្គ្រាមអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក និងទីផ្សារថាមពលស្ថិតក្នុងភាពវឹកវរ។
គួរបញ្ជាក់ថា ក្រៅពីការគំរាមដកអាមេរិកចេញពីណាតូ លោក ត្រាំ ក៏បានបង្ហើបថា លោកអាចនឹងបញ្ឈប់ «ប្រតិបត្តិការកំហឹងដ៏មហិមា» (Operation Epic Fury) ប្រឆាំងនឹងអ៉ីរ៉ង់ក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ទៀត ទោះបីជាគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយកើតឡើងក៏ដោយ។ ភាពចម្រូងចម្រាសនេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគោលនយោបាយការបរទេសយ៉ាងខ្លាំងក្លារបស់អាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ ដែលកំពុងបង្កឱ្យសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង លើអនាគតនៃសន្តិសុខសកល៕
