FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ នៅពីក្រោយ​ការទទួលបាន​ទំនុកចិត្ត​ពី​ទុនវិនិយោគបរទេស៖ ​ចិន​នឹង​ផ្តល់ភាពនឹងនរដល់សកលលោក​តាមរយៈភាពប្រាកដប្រជារបស់ខ្លួន

01-04-2026 17:39

(ប៉េកាំង)៖ នាពេល​បច្ចុប្បន្ននេះ ​សន្ទុះកម្លាំងនៃកំណើនសេដ្ឋកិច្ចពិភពលោក​មានភាពទន់ខ្សោយ ​ភាព​មិនប្រាកដប្រជា​បានកើនឡើងជាបន្តបន្ទាប់។ ​ក្នុងពិភពលោកដែលមានភាព​រង្គោះ​រង្គើ​ខ្លាំង​និង​ពោពេញទៅដោយ​ភាពមិនប្រាកដប្រាជា ​ប្រទេសចិនគឺជាកម្លាំងឋិតថេរដ៏កម្រ​ដែល​អាច​ធ្វើឱ្យ​ពិភពលោកស្ងប់ចិត្ត ​។ ​មជ្ឈដ្ឋានខាងក្រៅ​បាន​យកចិត្តទុកដាក់​ជា​ទូទៅ​​ថា ​គោល​ការណ៍សំខាន់​នៃ​ផែន​ការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំ​ទី ​១៥ ​របស់ប្រទេសចិន​បាន​ធ្វើ​ការ​រៀប​ចំ​ចាត់ចែង​ជាពិសេស​ចំពោះ​ការពង្រីក​ការបើកទូលាយ​ ចំពោះបរទេស​ប្រកប​ដោយ​កម្រិត​ខ្ពស់ ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំ​ខាងមុខ ​ប្រទេសចិន​នឹង​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ការ​បើក​ទូ​លាយ​និង​កិច្ចសហប្រតិបត្តិការ ​ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅ​មក​និង​ឈ្នះ​-ឈ្នះ ​ក៏​ដូច​ជា​ពង្រីកការបើកទូលាយផ្នែកប្រព័ន្ធរបប​ជាលំដាប់​ និង​កសាងប្រព័ន្ធថ្មី​របស់​សេដ្ឋកិច្ច​បែប​បើកទូលាយ​ប្រកបដោយ​កម្រិតកាន់តែខ្ពស់​ដើម្បី​ចែករំលែក​កាលានុវត្ត​ភាព​និង​ទទួល​ ការ​អភិវឌ្ឍរួម​ជាមួយ​បណ្តាប្រទេសនានា។

ក្រុមហ៊ុន ​BASF ​របស់​ប្រទេស​អាល្លឺម៉ង់​ បាន​រៀបចំធ្វើពិធីបើកមូលដ្ឋាន​នៅក្រុង ​Zhan​jiang ​នៅ​ចុងខែមីនា ​ឆ្នាំនេះ ​ទីស្នាក់ការកណ្តាល​ប្រចាំ​នៅភាគខាងត្បូង​ប្រទេស​ចិន ​របស់​ក្រុម​ហ៊ុន ​KONE ​Elevators ​ដែល​ឋិតនៅខេត្តក្វាងទុង​បាន​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការ​នៅ​ចុង​ខែមីនា ​ក្រុមហ៊ុន ​អេលី ​លីលី ​ដែលជាក្រុមហ៊ុនផលិតឱសថយក្ស​របស់​សហរដ្ឋ​អាមេរិក​ប្រកាស​នឹង​បណ្តាក់ទុន ​៣០០០ ​លានដុល្លារអាមេរិក ​ឯ​ក្រុមហ៊ុន ​AstraZeneca ​របស់​ប្រទេស​អង់គ្លេស​នឹង​បង្កើតមូលដ្ឋានផលិតឱសថ​នៅក្រុង​ក្វាងចូវ​និងក្រុងសៀងហៃ ​។ល។ ​តាំង​ពីចូលឆ្នាំនេះមក ​សហគ្រាស​ទុន​បរទេស​បានបង្កើនការវិនិយោគ​នៅប្រទេស​ចិន​ជាបន្តបន្ទាប់ ។

ក្នុងរដូវផ្ការីកឆ្នាំនេះ ​ការប៉ះទង្គិច​ខាង​ភូមិសាស្ត្រ​នយោបាយ​មាន​សភាពកាន់តែតានតឹង ​គាំ​ពារ​និយម​ផ្នែកពាណិជ្ជកម្ម​បាន​ងើបឡើងវិញ ​ហើយ​ខ្សែសង្វាក់ផ្គត់ផ្គង់​បាន​ពន្លឿន​ការ​បង្កើត​ឡើងវិញ ​។ល។ ​បច្ចុប្បន្ននេះ ​ស្ថានការណ៍អន្តរជាតិ​កំពុងឆ្លងកាត់​បម្រែ​បម្រួល​ដ៏​ស្មុគ្រ​ស្មាញ​និង​ជ្រាលជ្រៅ ​។ ​ក្នុងបរិបទបែបនេះ ​សហគ្រាសទុនបរទេស​ជាច្រើន​បាន​នាំគ្នា​ទៅ​ធ្វើអាជីវកម្ម​នៅប្រទេសចិន ​ហាក់ដូចជា​បោះឆ្នោតផ្តល់ទំនុកចិត្ត​ទៅលើ​ទី​ផ្សារ​ចិន​តាម​រយៈ​ការ​វិនិយោគ​ជាក់​ស្តែង​។ ​យោងតាមទិន្នន័យថ្មីបំផុត​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​បង្ហាញ​ឱ្យឃើញថា ​ពីខែមករាដល់ខែកុម្ភៈ ​ឆ្នាំនេះ ​នៅប្រទេសចិន ​បាន​បង្កើត​សហគ្រាសថ្មី​ដែល​បណ្តាក់ទុន​ដោយ​ពាណិជ្ជករ​បរទេស​ចំនួន ​៨៦៣១ ​សហគ្រាស ​ដែល​កើនឡើង ​១៤ ​ភាគ​រយ​បើប្រៀងធៀប​នឹងរយៈពេលដូចគ្នា​នៃឆ្នាំមុន ​ទំហំប្រើប្រាស់​ទុន​បរទេស​ជាក់ស្តែង​មាន​ចំនួន ​១៦១,៤៥ ​ពាន់លាន​យាន់ប្រាក់ចិន ​។ ​ដោយឡែក​វិស័យ​បច្ចេក​វិទ្យា​ខ្ពស់​បាន​ប្រើ​ប្រាស់​ទុនបរទេស​ជាក់ស្តែង​ចំនួន ​៦៣,២១ ​ពាន់លាន​យាន់​ប្រាក់​ចិន​ដែល​កើនឡើង ​២០,៤ ​ភាគរយ​បើប្រៀងធៀបនឹងរយៈពេលដូចគ្នា​នៃឆ្នាំមុន​ដែល​ស្មើ​នឹង ​៣៩,២ ​ភាគរយ​នៃ​ការ​ប្រើប្រាស់​ទុនបរទេស​ជាក់ស្តែង​នៅទូទាំងប្រទេសចិន ។

គណៈកម្មាធិការជាតិអភិវឌ្ឍន៍​និង​កំណែទម្រង់ចិន ​និង​ក្រសួងពាណិជ្ជកម្មចិន ​បាន​ប្រកាស ​«បញ្ជី​ឈ្មោះ​ឧស្សាហកម្ម​សម្រាប់​លើក​ទឹកចិត្ត​ការវិនិយោគ​របស់​ពាណិជ្ជករ​បរទេស ​(២០២៥)»​ នៅ​ចុងឆ្នាំ ​២០២៥ ​។ ​បញ្ជីឈ្មោះថ្មី​ត្រូវ​បាន​អនុវត្តចាប់ពីថ្ងៃទី ​១ ​ខែ​កុម្ភៈ ​ឆ្នាំ ​២០២៦ ​។ ​បញ្ជីឈ្មោះថ្មី​មួយនេះ​លើកទឹកចិត្ត​ និង​ចង្អុលបង្ហាញ​ឱ្យ​សហគ្រាសទុន​បរទេស​ធ្វើ​ការ​វិនិយោគ​លើ​ឧស្សាហកម្មផលិតកម្ម​ជឿនលឿន ​បន្ថែមមាត្រាពាក់ព័ន្ធលើ​វិស័យ ​ដូចជា​ផលិត​ផល ​Terminal ​គ្រឿងបន្លាស់​និង​វត្ថុធាតុដើម​ជាដើម ​លើកកម្ពស់កម្រិត​អភិវឌ្ឍន៍​ នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់ផ្គត់ផ្គង់ ​។ ​លើកទឹកចិត្ត​និង​ចង្អុលបង្ហាញ​ឱ្យ​សហ​គ្រា​ស​ទុន​បរទេស​ធ្វើការវិនិយោគ​លើ​ ឧស្សាហកម្មសេវាកម្មទំនើប​ដោយបន្ថែម​មាត្រា​ពាក់ព័ន្ធ​លើ​វិស័យ​ដូចជា ​ពង្រីកសេវាកម្មពាណិជ្ជកម្ម ​សេវាកម្មបច្ចេកវិទ្យា ​ការសិក្សា​ស្រាវ​ជ្រាវ​វិទ្យាសា​ស្រ្ត​និង​សេវាកម្ម​ផ្នែកប្រើប្រាស់ជាដើម​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​នៃ​ឧស្សាហកម្ម​សេវាកម្ម ។

ហេតុអ្វី​បានជា​ការវិនិយោគ​បរទេស​មានសុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ចិន ​? ​ចម្លើយ​គឺ ​ស្ថិត​ក្នុង​ប្រសាសន៍​របស់​លោកស្រី ​Dilma ​Rousseff ​ប្រធាន​ធនាគារអភិវឌ្ឍន៍​ថ្មី​ដែល​បានថា ​"ប្រទេស​ចិនគឺជា​កម្លាំងលំនឹង​និងជា​ក្បាលម៉ាស៊ីនស្នូល​សម្រាប់​ជំរុញ​ស្ថិរភាព​និង​កំណើន​សកល ​ក៏​ដូចជា​នវានុវត្តន៍​ផ្នែក​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា" ​។ ​លោក ​Bill ​Winters ​អគ្គ​នាយក​នៃក្រុមហ៊ុន ​Standard ​Chartered ​ក៏បាន​និយាយត្រង់ៗ​ថា ​ប្រទេសចិន​គឺជា​វេទិកា​លំនឹង​ក្នុង​ពិភព​លោក​ដែល​កំពុង​ប្រែក្លាយទៅជា​អស្ថិរភាព ​ដែល​នឹង​ទទួលបាន​កា​លានុវត្ត​ភាព​វិនិយោគ​អន្តរជាតិ​កាន់តែច្រើន ​។ ​ក្នុងបរិយាកាសដ៏្មុគ្រស្មាញ​ដែល​កំណើន​នៃ​សេដ្ឋកិច្ច​សកល​បាន​បង្អង់ល្បឿន​និង​គាំពារនិយមផ្នែកពាណិជ្ជកម្ម​បាន​ងើបឡើងវិញ ​ភាព​ប្រាកដ​ប្រជា​មួយ​នេះ​ដែល​ផ្តល់​ដោយប្រទេសចិន ​គឺ ​មានតម្លៃណាស់​ក្នុងដួងចិត្ត​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​សហគ្រាស​ទុន​បរទេស​ជាច្រើន។ ​

ប្រទេសចិន​គឺជា​ប្រទេសតែមួយគត់​លើ​ទូទាំង​ពិភព​លោក ​ដែល​មាន​ប្រភេទ​ឧស្សាហកម្ម​ពេញលេញ​ទាំងអស់​ក្នុងចំណោម​ប្រភេទ​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ ​។ ​ក្នុងអំឡុងពេល​អនុវត្តផែនការអភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំ​ទី ​១៤ ​តម្លៃ​បន្ថែម​របស់​ឧស្សាហកម្មកម្មន្តសាល​ជា​រៀងរាល់ឆ្នាំ​សុទ្ធតែ​បាន​លើសពី ​៣០ ​ទ្រី​លាន​យាន់​ប្រាក់​ចិន ​ហើយ​បរិមាណផលិតផល​ឧស្សាហកម្ម​សំខាន់ៗ​ជាង ​២០០ ​ប្រភេទ​បាន​ជាប់​ចំណាត់​ថ្នាក់ទីមួយ​នៅទូទាំង​ពិភពលោក ​។ ​ប្រទេសចិនមានប្រជាជន ចំនួនជាង ​១ ​ពាន់ ​៤ ​រយ​លាននាក់​និង​ក្រុម​មនុស្សចំណូលមធ្យម​ចំនួន​លើសពី ​៤ ​រយ​លាននាក់ ​ដែល​បាន​បង្កប់​នូវ​សក្តានុពល​នៃ​តម្រូវការក្នុង​ស្រុក​ដ៏​មហាសាល ​។ ​ខ្សែសង្វាក់​ឧស្សាហកម្ម​ដ៏​ពេញ​លេញ ​ទីផ្សារប្រើប្រាស់​ដែល​កំពុង​ពង្រីក​ទ្រង់ទ្រាយ​ជាបន្ត​បន្ទាប់​និង​កំណែ​ទម្រង់​និង​បើក​ទូលាយ​ដែល​ត្រូវបាន​ពង្រឹង​ជាបន្តបន្ទាប់​បាន​ផ្តល់លំហអភិវឌ្ឍន៍​ដ៏ទូលំទូលាយ​សម្រាប់​ការ​បង្កើត​អាជីព​និង​នវានុវត្តន៍​របស់​សហគ្រាស​ទុន​បរទេស។

ឥស្សរជនវិភាគ​បានលើកឡើងថា ​ទង្វើវិនិយោគ​របស់​ពាណិជ្ជករ​បរទេស​កំពុង​ជំរុញ​ភាព​បន្ស៊ី​គ្នា​យ៉ាងស៊ីជម្រៅ​ជាមួយ​បរិយាកាសនវានុវត្តន៍​និង​បរិយាកាស​ប្រព័ន្ធ​របប​របស់​ប្រទេស​ចិន ​។ ​ប្រការ​នេះ​បាន​បង្ហាញឱ្យឃើញ​ថា ​ភាពទាក់ទាញ​របស់​ចិន​កំពុង​ធ្វើ​បរិវត្តកម្ម​និង​លើកកម្ពស់លំដាប់ថ្នាក់​ពី​"ភាគលាភទីផ្សារ"​ទៅជា​"ភាគលាភនៃនវានុវត្តន៍"​និង​"ភាគ​លាភ​នៃ​ការបើកទូលាយ​ផ្នែកប្រព័ន្ធរបប"។

នៅឆ្នាំ ​២០១៩ ​ប្រទេសចិន​បាន​ដាក់បញ្ចូល​ជាលើកដំបូង​នូវ​ "ការបើកទូលាយបែប​ប្រព័ន្ធ​របប"​ ទៅក្នុង​របាយការណ៍​ការងារ​របស់​រដ្ឋាភិបាល​ដែលជា​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ការបន្ត​ជំរុញ​ ការ​តភ្ជាប់​នឹង​ក្រឹត្យក្រម​ខាង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​អន្តរជាតិ​បន្ទាប់ពី​ប្រទេសចិន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ​។ ​នៅឆ្នាំ ​២០២២ ​«កិច្ចព្រមព្រៀង​ស្តី​ពី​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់» (ហៅកាត់ ​RCEP ​) បាន​ចូល​ជា​ធរមាន​ជាផ្លូវការ ​។ ​នៅឆ្នាំ ​២០២៣ ​ប្រទេសចិន​បានដាក់ចេញ​វិធានការ​មួយចំនួន​ស្តីពី​ការ​ត​ភ្ជាប់​នឹង​ក្រឹត្យ​ក្រម​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មអន្តរជាតិ​ដែលមានស្តង់ដារខ្ពស់​និង​ជំរុញ​ការ​បើកទូលាយ​បែប​ប្រព័ន្ធ​របប ​។ ​នៅឆ្នាំ ​២០២៤ ​ប្រទេសចិន​បានលុបចោល​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​វិធានការ​រឹតបន្ដឹង​ការអនុញ្ញាតឱ្យទុនបរទេស​ចូលក្នុងវិស័យ​ឧស្សា​ហកម្ម​កម្មន្តសាល ​។ ​នៅឆ្នាំ ​២០២៥ ​កំពង់ផែពាណិជ្ជកម្មសេរីហៃណាន​បាន​ដាក់ឱ្យ​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​លើ​កោះទាំងមូលជាផ្លូវការ ​ដែល​បាន​ក្លាយជា​ច្រក​ទ្វារ​សំខាន់​មួយ​សម្រាប់​ការបើកទូលាយ​ចំពោះបរទេស​ប្រកបដោយកម្រិតខ្ពស់​របស់ចិន ​។ល។ ​គោល​នយោបាយ​និង​វិធានការ​មួយចំនួន​បានបញ្ចេញសញ្ញា​យ៉ាងច្បាស់លាស់​ថា ​ប្រទេស​ចិន​កំពុង​ពង្រីក​ការបើកទូលាយ​ប្រកបដោយ​គុណភាពកាន់តែខ្ពស់ ​កម្រិត​កាន់តែ​ខ្ពស់​និង​ក្របខណ្ឌ​កាន់តែធំ ។

ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំទី ​១៤ ​ទំហំនាំចូលនិងនាំចេញសរុប​របស់​ចិន​មានចំនួន​លើសពី ​៣០០ ​ទ្រីលានយាន់ប្រាក់ចិន​ដែល​បាន​កើនឡើង ​៤០ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​អំឡុងពេល​អនុវត្ត​ផែនការអភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំទី ​១៣ ​។ ​នៅឆ្នាំ ​២០២៥ ​ប្រទេស​ចិន​បាន​ធ្វើពាណិជ្ជកម្ម​ជាមួយ​ប្រទេសនិងតំបន់​ចំនួនជាង ​២៤០ ​ដែល​សមេ្រច​បាន​នូវ​កំណើន​នៃ​ការនាំចេញ-នាំចូល​ជាមួយ​ប្រទេស​និង​តំបន់ចំនួនជាង ​១៩០ ​ហើយ​ផ្លូវដែល​ឆ្ពោះ​ទៅ​រក​ការបើកទូលាយ​ប្រកបដោយ​គុណភាពខ្ពស់​បាន​ផ្តល់​នូវ​កាលានុវត្តភាព​កាន់​តែ​ច្រើន​សម្រាប់​បណ្តា​ប្រទេសនានា​លើ​ពិភពលោក ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំកន្លង​មក​នេះ ​ប្រទេស​ចិន​បាន​ប្រើប្រាស់​ទុនបរទេសជាក់ស្តែង​សរុប​ជាង ​៧៥០ ​ប៊ីនលាន​ដុល្លារ​អាមេរិក ​។ ​ជំនឿ​ចិត្ត​របស់​សហគ្រាស​ទុន​បរទេស​ចំពោះ​ការបន្តធ្វើអាជីវកម្មកាន់តែ​ស៊ី​ជម្រៅ​នៅចិន​មិន​ត្រូវ​កាត់បន្ថយនោះទេ ​ហើយ​ចំនួន​សហគ្រាស​ទុនបរទេស​ដែល​មាន​កំណត់​ត្រា​ខាង​ការ​នាំចេញ​នាំ​ចូល​ក្នុងឆ្នាំ ​២០២៥ ​បានកើនឡើង​ជាង ​១៧០០ ​សហគ្រាស​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០២០ ​។ ​ដោយឡែក​ប្រទេសចិន​បាននិងកំពុង​ជំរុញ​យ៉ាង​សកម្ម​នូវ​ការ​អនុវត្ត​គោល​នយោបាយ​ធ្វើសេរីភាវូបនីយកម្ម​និង​កិច្ចសម្រួល​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់ទុន​កម្រិត​ខ្ពស់ ​បន្ធូរបន្ថយ​យ៉ាងខ្លាំង​នូវ​ការដាក់កំហិត​ចំពោះ​ការអនុញ្ញាតឱ្យ​ពាណិជ្ជករ​បរទេស​ធ្វើ​វិនិយោគទុន ​បញ្ជីអវិជ្ជមាន​នៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិន​ត្រូវ​បាន​កាត់​បន្ថយ​មកនៅត្រឹម ​២៩ ​មាត្រ ​ហើយ​វិធានការដាក់កំហិត​លើ​ការអនុញ្ញាត​ឱ្យ​ទុន​បរ​ទេស​ចូលទីផ្សារ​ក្នុងវិស័យ​ឧស្សាហកម្មកម្មន្តសាល​ត្រូវបាន​លុបចោល​ទាំងស្រុង ​។

ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំទី ​១៤ ​ប្រទេសចិន​បាន​តភ្ជាប់​យ៉ាង​សកម្ម​ជាមួយ​ក្រឹត្យ​ក្រម​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មអន្តរជាតិ​ដែលមានស្តង់ដារខ្ពស់ ​អនុវត្ត​យុទ្ធសាស្ត្រ​ស្តីពី​ការ​លើកកម្ពស់​តំបន់​ពាណិជ្ជកម្ម​សេរី​សាកល្បង ​ហើយ​តំបន់​ពាណិ​ជ្ជកម្ម​សេរី​សាកល្បង​ចំនួន ​២២ ​ទទួលបាន​សមិទ្ធផល​ច្នៃប្រឌិតថ្មី​ខាងប្រព័ន្ធរបបចំនួន​ជិត​២០០ ​។ ​ភាគលាភនៃ «កិច្ចព្រមព្រៀងទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុង​តំបន់» (ហៅកាត់ថា ​RCEP ​) ត្រូវបាន​បញ្ចេញ​ជាបន្តបន្ទាប់ ​តំបន់ពាណិជ្ជកម្មសេរី​ចិន-​អា​ស៊ាន ​3.0 ​ត្រូវបាន​ជំរុញការអនុវត្ត​ជាក់ស្តែង ​ហើយ​ការធ្វើសមាហរណកម្មសេដ្ឋកិច្ច​ក្នុង​តំបន់​កំពុង​បោះជំហាន​ឆ្ពោះទៅរក​វិស័យកាន់តែទូលំទូលាយ​និង​ស្រទាប់កាន់តែស៊ីជម្រៅ ​។ ​បន្ថែម​ទីក្រុងពិសោធន៍ចម្រុះ​ចំនួន ​៩ ​សម្រាប់​ពង្រីកការបើកទូលាយ​នៃ​ឧស្សាហកម្ម​សេវា​កម្ម​ដែល​បូក​រួមទាំង​ទីក្រុង​ដាលៀន​និងទីក្រុង​នីងប៉ូ​ជាដើម​ដើម្បី​បង្កើត​បរិយាកាស​ប្រកប​អាជីវកម្ម​ដ៏ល្អប្រសើរ​តាមរយៈទីផ្សារភាវូបនីយកម្ម ​និយតកម្ម​និង​អន្តរជាតូបនីយកម្ម។

ទី​ផ្សារធំរបស់ចិន​គឺជា​កាលានុវត្តភាព​របស់​ពិភពលោក ​។ ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ​៩ ​នឹង​ប្រព្រឹត្តទៅ​នៅទីក្រុងសៀងហៃ​ក្នុង​ខែវិច្ឆិកា ​ឆ្នាំ ​២០២៦ ​ខាងមុខនេះ ​ហើយ​សហគ្រាស​ទុន​បរទេស​ជាច្រើន​បាន​ចុះឈ្មោះ​មុនពេលកំណត់​ដើម្បី​អញ្ជើញ​ចូលរួម​ពិព័រណ៍​លើក​នេះ ​។ ​ក្នុង​យុគសម័យ​ដែល​ពោរពេញទៅ​ភាពមិនប្រាកដប្រជា ​ជំនឿចិត្ត​មាន​តម្លៃ​ជាង​មាស" ​។ ​ប្រទេសចិន​កំពុង​ប្រែ​ក្លាយ​ភាពប្រាកដប្រជា​ដែល​បាន​កើនឡើង​ជា​បន្ត​បន្ទាប់ ​ឱ្យ​ទៅ​ជា​កាលានុវត្តភាព​ថ្មី​របស់​ពិភពលោក៕​

វិទ្យុមិត្តភាពកម្ពុជាចិន