មុនធ្វើទស្សនកិច្ចទៅចិន មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ ថាពិភពលោកមិនត្រូវការវិបត្តិជុំវិញបញ្ហាតៃវ៉ាន់ឡើយ (Video inside)
01-04-2026 15:43
(តៃប៉ិ)៖ មេដឹកនាំគណបក្សប្រឆាំងធំជាងគេបង្អស់នៅកោះតៃវ៉ាន់ នាថ្ងៃពុធ ទី១ ខែមេសា បាននិយាយថា ចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ជ្រួលច្របល់នាពេលនេះ ពិភពលោកមិនត្រូវការការផ្ទុះវិបត្តិថ្មីផ្សេងទៀត ដោយសារតែបញ្ហាកោះតៃវ៉ាន់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Cheng Li-wun ដែលជាប្រធានគណបក្ស Kuomintang (KMT) នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសចិន នាថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៦ថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ លោកស្រី Cheng បាននិយាយថា ប្រជាជនតៃវ៉ាន់ មិនចង់ឱ្យដែនកោះនេះ ក្លាយជាកន្លែងដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ដែលអាចផ្ទុះសង្រ្គាមនៅពេលណាមួយ នោះឡើយ។
លោកស្រីបាននិយាយយ៉ាងដូច្នេះថា «អ្វីដែលយើងកំពុងព្យាយាមលើកកម្ពស់ គឺសន្តិភាពនិងការផ្សះផ្សា ដែលរួមមានទាំងការផ្សះផ្សារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងតៃវ៉ាន់ផ្ទាល់ ក៏ដូចជាការផ្សះផ្សានិងសន្តិភាព នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ គ្មាននរណាម្នាក់ចង់ឃើញច្រកសមុទ្រតៃវ៉ាន់ ធ្លាក់ចូលវិបត្តិយោធាដ៏តានតឹងជាថ្មីម្តងទៀត ក្នុងពេលមួយដែលស្ថានការណ៍អន្តរជាតិ កំពុងជួបភាពជ្រួលច្របល់ខ្លាំងរួចស្រេចទៅហើយនោះឡើយ»។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធជាខ្លាំងទាំងផ្នែកនយោបាយ និងយោធាលើរដ្ឋាភិបាលបក្ស DPP របស់មេដឹកនាំ លោក Lai Ching-te ដែលទីក្រុងប៉េកាំងហៅថា ជាបុគ្គលប៉ុនប៉ងបំបែករដ្ឋដ៏គ្រោះថ្នាក់។ ការស្ទង់មតិនៅតៃវ៉ាន់ ភាគច្រើនបានបង្ហាញថា មានសំឡេងគាំទ្រតិចតួចប៉ុណ្ណោះ ដែលព្រមទទួលយកអធិបតេយ្យរបស់ទីក្រុងប៉េកាំង ក្រោមគំរូ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ»។ ចិនមិនដែលប្រកាសបោះបង់ចោលទេ នូវជម្រើសប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ ប្រសិនបើចាំបាច់៕





