FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ព្រមានវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ប្រសិនបើមានការសម្លាប់ថ្នាក់ដឹកនាំរបស់ខ្លួនថែមទៀត (Video inside)

01-04-2026 13:22

(តេហេរ៉ង់)៖ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានព្រមានថា ពួកគេនឹងកំណត់គោលដៅវាយប្រហារ​លើ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក​ដូចជា Apple, Google និង Meta ជាដើម ប្រសិនបើមានការធ្វើឃាតថ្នាក់ដឹកនាំអ៉ីរ៉ង់​ជាបន្តបន្ទាប់ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

IRGC បាននិយាយថា ចាប់ពីម៉ោង៨យប់ ម៉ោងនៅទីក្រុងតេហេរ៉ង់ នាថ្ងៃពុធ ទី១ ខែមេសា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក សរុបចំនួន១៨ ដែលត្រូវចោទថា បានសមគំនិតក្នុងការសម្លាប់មន្រ្តីរបស់អ៉ីរ៉ង់ គួរត្រៀមខ្លួនដើម្បីមើលឃើញ​ទីតាំងក៏ដូចជាប្រតិបត្តិការរបស់ពួកគេ រងការបំផ្លិចបំផ្លាញ ឱ្យតែហ៊ានមានការធ្វើឃាតណាមួយថែមទៀត នៅក្នុងប្រទេសអ៉ីរ៉ង់។

ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា រដ្ឋាភិបាលអាមេរិក និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានពង្រើយកន្តើយចំពោះ​ការព្រមានម្តងហើយម្តងទៀតរបស់ទីក្រុងតេហេរ៉ង់ អំពីភាពចាំបាច់ក្នុងការផ្អាកប្រតិបត្តិការកំណត់គោលដៅធ្វើឃាតមន្រ្តីអ៉ីរ៉ង់កំពូលៗ ដោយចោទថាក្រុមហ៊ុនទាំងនោះ គឺជាតួអង្គចម្បងនៅក្នុងការរៀបចំផែនការ និងការតាមដានគោលដៅសម្រាប់ធ្វើឃាត។

ក្នុងចំណោមក្រុមហ៊ុនទាំង១៨ខាងលើ ក្រៅពី Apple, Google និង Meta នៅមានក្រុមហ៊ុនធំៗផ្សេងទៀត ដូចជាIntel, Microsoft, Oracle ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, ក្រុមហ៊ុនវិភាគទិន្ន័យ Palantir និងក្រុមហ៊ុនបន្ទះឈីប Nvidia។

គួរបញ្ជាក់ថា កាលពីដើមខែមីនា ក្រុមហ៊ុន Amazon បានរាយការណ៍ថា មជ្ឈមណ្ឌលទិន្នន័យ២កន្លែងរបស់ខ្លួន នៅអេមីរ៉ាតអារ៉ាប់រួម បានរងការវាយប្រហារដោយដ្រូន និងមួយកន្លែងទៀត ក៏បានរងការខូចខាតផងដែរ នៅប្រទេសបារ៉ែន ដោយសារការវាយប្រហារ។ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei និងអគ្គមេបញ្ជាការ IRGC លោក Mohammad Pakpour ត្រូវបានសម្លាប់ ក្នុងថ្ងៃដំបូងនៃសង្រ្គាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះ ប្រធានក្រុមប្រឹក្សាសន្តិសុខអ៉ីរ៉ង់ លោក Ali Larijani ព្រមទាំងមន្រ្តីនិងមេបញ្ជាការជាន់ខ្ពស់ដទៃទៀត ក៏ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិក៕