សម្តេចប៉ាប Leo សម្តែងក្តីរំពឹងថា លោក ត្រាំ នឹងស្វែងរកច្រកបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់ (Video inside)
01-04-2026 11:54
(Castel Gandolfo, អ៉ីតាលី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សម្តេចប៉ាប Leo បានអំពាវនាវចំៗទៅកាន់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យស្វែងរកច្រកបញ្ចប់សង្រ្គាមអ៉ីរ៉ង់ ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងតានតឹងដោយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ពីវិមាន Castel Gandolfo ក្បែរទីក្រុងរ៉ូម ប្រទេសអ៉ីតាលី សម្តេចប៉ាបមានព្រះបន្ទូលថា «ខ្ញុំត្រូវបានគេប្រាប់ថា ថ្មីៗនេះ លោកប្រធានាធិបតី ត្រាំ និយយាថាលោកចង់បញ្ចប់សង្គ្រាម។ សង្ឃឹមថាគាត់ (លោក ត្រាំ) កំពុងស្វែងរកផ្លូវចេញពីសង្រ្គាម ហើយនឹងរកវិធីកាត់បន្ថយទំហំនៃអំពើហិង្សា»។
សង្រ្គាមអ៉ីស្រាអែល-អាមេរិកជាមួយអ៉ីរ៉ង់ ជាង ១ខែមកនេះ បានរីករាលដាលពាសពេញតំបន់ សម្លាប់មនុស្សរាប់ពាន់នាក់ រំខានការផ្គត់ផ្គង់ថាមពល និងគំរាមកំហែងដល់ដំណើរការសេដ្ឋកិច្ចពិភពលោក។ សម្តេចប៉ាប Leo ដែលគេស្គាល់ថាមានការប្រុងប្រយ័ត្នពាក្យសម្តី កម្រនឹងធ្វើការអំពាវនាវចំៗទៅកាន់មេដឹកនាំជាតិបែបនេះណាស់ ប៉ុន្តែទ្រង់បានបង្កើនការរិះគន់អំពីសង្រ្គាមអ៉ីរ៉ង់ ក្នុងប៉ុន្មានរយៈពេលសប្តាហ៍ចុងក្រោយ៕






