FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាហ្សង់ទីន ប្រកាសចាត់ថ្នាក់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ជាអង្គការភេរវករ (Video inside)

01-04-2026 11:18

(ប៊ុយណូស៊ែ)៖ ការិយាល័យប្រធានាធិបតី ​Javier Milei បានចេញសេចក្តីប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ ថាអាហ្សង់ទីន សម្រេចចាត់ថ្នាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ជាអង្គការភេរវករ ទៅតាមការជំរុញពីរដ្ឋបាលលោក ត្រាំ ឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកធ្វើដូច្នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។

អាហ្សង់ទីន ពណ៌នាពីការចាត់ថ្នាក់នេះថា ដោយសារតែ IRGC គាំទ្រចលនាប្រដាប់អាវុធ Hezbollah នៅលីបង់ ហើយដាក់បន្ទុក IRGC ជុំវិញការវាយប្រហារឆ្នាំ ១៩៩៤ លើមជ្ឈមណ្ឌលសហគមន៍ជនជាតិយូដា AMIA ក្នុងទីក្រុង Buenos Aires ដែលកាលនោះបានសម្លាប់មនុស្ស ៨៥នាក់ និងរាប់រយនាក់រងរបួស។

ការចាត់ថ្នាក់ជាអង្គការភេរវករ អនុញ្ញាតឱ្យមានការអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុ និងការរឹតបន្តឹងប្រតិបត្តិការផ្សេងទៀតចំពោះ IRGC។ IRGC គឺជាកងកម្លាំងយោធាជាន់ខ្ពស់ដែលការពារអំណាចគ្រប់គ្រងតាមបែបបព្វជិតមូស្លីម Shi'ite នៅក្នុងប្រទេសអ៉ីរ៉ង់។ IRGC គ្រប់គ្រងផ្នែកធំនៃសេដ្ឋកិច្ចរបស់អ៉ីរ៉ង់៕