FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្ទង់មតិរកឃើញថា ២ភាគ៣នៃប្រជាជនអាមេរិកចង់ឱ្យសង្រ្គាមអ៉ីរ៉ង់ចប់ឆាប់ៗ ទោះមិនបានសម្រេចគោលដៅ (Video inside)

01-04-2026 10:57

(Reuters)៖ ការស្ទង់មតិថ្មីមួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ និងស្ថាប័ន Ipsos បានរកឃើញថា ២ភាគ៣នៃប្រជាជនអាមេរិកចង់ឱ្យសហរដ្ឋអាមេរិកបិទបញ្ចប់ការចូលរួមរបស់ខ្លួន ក្នុងសង្រ្គាមអ៉ីរ៉ង់ឱ្យបានឆាប់រហ័ស បើទោះជាមិនអាចសម្រេចតាមគោលដៅដែលកំណត់ដោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។

ការស្ទង់មតិខាងលើដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យសប្ដាហ៍មុន និងត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ៦៦ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍បានបង្ហាញពីទស្សនយល់ឃើញដូចខាងលើ ខណៈ២៧ភាគរយបាននិយាយថាសហរដ្ឋអាមេរិកគួរតែធ្វើការដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងអស់របស់ខ្លួន ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ បើទោះជាសង្រ្គាមត្រូវអូសបន្លាយក៏ដោយ។ ដោយឡែក ៦ភាគរយផ្សេងទៀតនៃអ្នកត្រូវបានសម្ភាសន៍មិនបានឆ្លើយតបទៅនឹងសំណួរឡើយ។

បន្ថែមពីលើនេះ ការស្ទង់មតិក៏បានរកឃើញដែរថា នៅក្នុងចំណោមអ្នកសាធារណរដ្ឋដែលគាំទ្រលោក ត្រាំ មាន៤០ភាគរយគាំទ្រការបិទបញ្ចប់សង្រ្គាមឱ្យបានឆាប់ ទោះសហរដ្ឋអាមេរិកមិនបានសម្រេច តាមគោលដៅ ខណៈ៥៧ភាគរយគាំទ្រការចូលរួមរយៈពេលវែងរបស់សហរដ្ឋអាមេរិកនៅក្នុងសង្រ្គាមអ៉ីរ៉ង់។

គួរបញ្ជាក់ថា សង្រ្គាមអ៉ីរ៉ង់មួយខែមកនេះបានរីករាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយបានសម្លាប់ជីវិតមនុស្សច្រើនពាន់នាក់ និងកំពុងបង្កផលប៉ះពាល់ដល់ដល់សេដ្ឋកិច្ចពិភពលោកជាមួយការធ្វើឱ្យតម្លៃ ថាមពលឡើងថ្លៃ។ បើតាមការស្ទង់មតិរបស់ Reuters​ និងស្ថាប័ន Ipsos គិតជាសរុប ៦០ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ចំនួន ១០២១នាក់ បាននិយាយថាពួកគេមិនគាំទ្រការវាយប្រហាររបស់ យោធាអាមេរិកលើអ៉ីរ៉ង់ឡើយ ខណៈ៣៥ភាគរយគាំទ្រ៕