FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Rubio៖ សហរដ្ឋអាមេរិកនឹងសើរើឡើងវិញទំនាក់ទំនងជាមួយ NATO ក្រោយចប់សង្រ្គាមអ៉ីរ៉ង់ (Video inside)

01-04-2026 10:03

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកនឹងសើរើឡើងវិញទំនាក់ទំនងជាមួយអង្គការ NATO នៅក្រោយពេលសង្រ្គាមជាមួយអ៉ីរ៉ង់ បិទបញ្ចប់ ក្នុងគ្រាដែលលោក ដូណាល់ ត្រាំ បានបង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់លោក Marco Rubio ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយពិធីករទូរទស្សន៍ Fox News លោក Sean Hannity កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងកិច្ចសម្ភាសន៍នោះ លោកប្រមុខការទូតអាមេរិកបានលើកឡើងថា «ខ្ញុំគ្មានអ្វីត្រូវសង្ស័យទេ គឺនៅបន្ទាប់ពីជម្លោះនេះ (សង្រ្គាមអ៉ីរ៉ង់) បិទបញ្ចប់ យើងនឹងសើរើឡើងវិញនូវទំនាក់ទំនងនេះ (ជាមួយ NATO)។ យើងនឹងសើរើឡើងវិញផងដែរពីគុណតម្លៃរបស់ NATO ចំពោះប្រទេសរបស់យើង... ហើយប្រាកដណាស់ វានឹងក្លាយជាការសម្រេចចិត្តមួយដែលលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រូវធ្វើ»

លោក Rubio បានបន្តថារូបលោកផ្ទាល់គឺជាមនុស្សម្នាក់ដែលគាំទ្រយ៉ាងរឹងមាំដល់ NATO អំឡុងរូបលោកនៅជាសមាជិកព្រឹទ្ធសភាអាមេរិក ក៏ព្រោះតែលោកមើលឃើញពីគុណតម្លៃយ៉ាងធំធេង ចំពោះបក្សសម្ព័ន្ធយោធាមួយនេះ។ គុណតម្លៃយ៉ាងធំធេងដែលលោក Rubio ចង់សំដៅដល់ នោះគឺសហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពនៅពាសពេញទ្វីបអឺរ៉ុបដែលអនុញ្ញាតឱ្យយោធាអាមេរិក បាចសាចអំណាចយោធានៅជុំវិញពិភពលោក។ «ប៉ុន្តែ ប្រសិនបើឥលូវនេះ យើងបានដើរដល់ចំណុចមួយដែល​យើងមិនអាចប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះបានដើម្បីការពារផលប្រយោជន៍របស់ សហរដ្ឋអាមេរិក នោះតើ NATO នៅមានតម្លៃអ្វីទៀត»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Rubio។

លោកប្រមុខការទូតអាមេរិកបានបង្ហាញការខកចិត្តដោយនិយាយថាខណៈទីក្រុងវ៉ាស៊ីនតោនមិនបានស្នើសុំឱ្យសម្ព័ន្ធមិត្ត NATO ចូលរួមក្នុងការវាយប្រហារតាមផ្លូវអាកាសក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ «តែនៅពេលយើងត្រូវការឱ្យពួកគេអនុញ្ញាតឱ្យពួកយើងប្រើប្រាស់មូលដ្ឋានទ័ពរបស់ពួកគេ ចម្លើយរបស់ពួកគេគឺ «ទេ» ទៅវិញ។ ដូច្នេះមានហេតុផលអ្វីត្រូវឱ្យយើងបន្តស្ថិតក្នុង NATO តទៅទៀត? អ្នកត្រូវតែចោទសួរសំណួរមួយនេះ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាបណ្ដាប្រទេសអឺរ៉ុបមួយចំនួន បានរឹតត្បិត និងហាមមិនឱ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនៅលើ ទឹកដីរបស់ពួកគេដើម្បីវាយប្រហារលើអ៉ីរ៉ង់។ តួយ៉ាង កាលពីថ្ងៃអង្គារ អ៉ីតាលីបានបដិសេធអនុញ្ញាតឱ្យយន្ដហោះយោធាអាមេរិកមួយគ្រឿងចុះចត ដោយសារតែយន្ដហោះនេះត្រូវធ្វើដំណើរទៅកាន់ តំបន់មជ្ឈិមបូព៌ាដើម្បីធ្វើប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់។ កាលពីថ្ងៃចន្ទវិញ អេស្ប៉ាញក៏បានបិទដែនអាកាសរបស់ខ្លួនឱ្យមិនយន្ដហោះយោធាអាមេរិកប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការសង្រ្គាមប្រឆាំងនឹងអ៉ីរ៉ង់ផងដែរ៕