TASS៖ មនុស្ស ២៩នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះយោធារុស្ស៉ី នៅតំបន់គ្រីមៀ (Video inside)
01-04-2026 09:26
(មូស្គូ)៖ យន្ដហោះយោធាមួយគ្រឿងរបស់រុស្ស៉ីធុន Antonov-26 បានធ្លាក់អំឡុងហោះហើរពីលើឧបទ្វីបគ្រីមៀ ដោយសម្លាប់មនុស្ស ២៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។
TASS ដោយផ្អែកលើក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាកាលពីថ្ងៃទី៣១ ខែមីនា នៅម៉ោង១៨៖០០នាទី (ម៉ោងនៅទីក្រុងមូស្គូ) យន្ដហោះយោធា Antonov-26 បានដាច់ការទាក់ទង អំឡុងហោះហើរពីលើឧបទ្វីបគ្រីមៀ។
ក្រសួងការពារជាតិរុស្ស៉ីបន្ថែមទៀតថាក្រុមអ្នកជួយសង្រ្គោះ និងតាមស្វែងរក បានកំណត់ទីតាំងធ្លាក់របស់យន្ដហោះ Antonov-26 ហើយបើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បុគ្គលិកធ្វើការនៅលើយន្ដហោះ៦នាក់ និងអ្នកដំណើរ២៣នាក់ដែលជិះនៅលើយន្ដហោះយោធានេះបានស្លាប់។
ក្រសួងមិនបានបញ្ជាក់ឱ្យច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់ជិះនៅលើយន្ដហោះដែលបានធ្លាក់នោះទេ ហើយក៏មិនបាននិយាយពីអ្នកនៅរស់រានមានជីវិតមនុស្សនោះដែរ ខណៈមូលហេតុបឋម ដែលធ្វើឱ្យយន្ដហោះនេះធ្លាក់គឺបណ្ដាលមកពីបញ្ហាបច្ចេកទេស៕
