មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei កំពុងស្ថិតក្នុងប្រទេស ប៉ុន្តែមិនបង្ហាញខ្លួនជាសាធារណៈឡើយ
31-03-2026 22:57
(តេហេរ៉ង់)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអ៉ីរ៉ង់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន RTVI កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei កំពុងស្ថិតនៅក្នុងប្រទេស ប៉ុន្តែលោកកំពុងចៀសវាងការបង្ហាញខ្លួនជាសាធារណៈ «ដោយសារមូលហេតុដែលយើងអាចយល់បាន»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Mojtaba បានឡើងស្នងតំណែងពីឪពុករបស់លោក គឺលោក អាលី ខាមេណី ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៉ីស្រាអែល កាលពីជាងមួយខែមុន។ ជុំវិញស្ថានភាពសុខភាពរបស់មេដឹកនាំថ្មីរូបនេះ សហរដ្ឋអាមេរិកធ្លាប់បានអះអាងថា ខ្លួនជឿជាក់ថា លោក Mojtaba ខ្លួនឯងក៏បានរងរបួសធ្ងន់ និងប្រហែលជាមានស្លាកស្នាមនៅលើផ្ទៃមុខផងដែរ ក្នុងអំឡុងពេលនៃការវាយប្រហារដែលបានសម្លាប់ឪពុករបស់លោក។
គួរបញ្ជាក់ថា រុស្ស៊ីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ៉ីរ៉ង់ ដោយកាលពីឆ្នាំមុនប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅពេលនេះ បានកើតឡើងចំពេលដែលសង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ បានអូសបន្លាយចូលដល់សប្តាហ៍ទី៥ ដោយបង្កឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំង អំពីស្ថិរភាពដឹកនាំរបស់ទីក្រុងតេហេរ៉ង់៕
