FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន ដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយនៅក្បែរចិន ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងទ្វេភាគី (Video inside)

31-03-2026 16:55

(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសជប៉ុន នាថ្ងៃអង្គារនេះ បាននិយាយថា ជប៉ុនបានដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ នៅតំបន់ភាគនិរតីក្បែរប្រទេសចិន ខណៈវាកើតឡើងចំពេលមួយ ដែលទំនាក់ទំនងទ្វេភាគី កំពុងស្ថិតក្នុងសភាពដុនដាបខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។

មីស៉ីលទាំងនោះត្រូវបានដាក់ពង្រាយនៅទីក្រុង Kumamoto ក្នុងតំបន់ Kyushu ភាគខាងត្បូងប្រទេស ស្របពេលដែលជប៉ុន កំពុងព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួន ទន្ទឹមគ្នាដែលចិនបង្កើនសកម្មភាពនៅសមុទ្រចិនខាងកើត ជាទីដែលមានបញ្ហាវិវាទ។ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានលើកឡើងដូច្នេះថា «សមត្ថភាពការពារខ្លួនពីចម្ងាយ អនុញ្ញាតឱ្យយើង​អាចទប់ទល់ការគំរាមកំហែងរបស់កងកម្លាំងសត្រូវ ដែលប៉ុនប៉ងឈ្លានពានប្រទេសយើង ដោយធានាសុវត្ថិភាពកងទ័ពរបស់យើង។ នេះគឺជាចំណុចផ្តើមដ៏សំខាន់បំផុតមួយ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់និងឆ្លើយតបរបស់ប្រទេសជប៉ុន»

មីស៉ីលខាងលើ ដែលជាប្រព័ន្ធមីស៉ីលប្រឆាំងនាវា អាចបាញ់បានចម្ងាយដល់ប្រហែល១០០០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យផ្នែកមួយចំនួននៃ​ប្រទេសចិន ស្ថិតក្នុងរយៈចម្ងាយនេះ។ តួយ៉ាង ទីក្រុង Shanghai មានចម្ងាយខ្ទង់៩០០គីឡូម៉ែត្រ ពីទីក្រុង Kumamoto។ ជប៉ុន ជាយូរមកហើយ ប្រកាន់ខ្ជាប់គោលនយោបាយប្រើប្រាស់យោធា សម្រាប់តែគោលដៅស្វ័យការពារមួយមុខគត់ បើបកស្រាយតាមអត្ថន័យតឹងរ៉ឹងបំផុត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងតូក្យូបានខិតខំកសាងសមត្ថភាពការពារជាតិរបស់ខ្លួន ស្របពេលបណ្តាប្រទេសជិតខាង រួមមានទាំងចិន រុស្ស៉ី និងកូរ៉េខាងជើង បង្កើនសកម្មភាពយោធារបស់ពួកគេនៅក្នុងតំបន់។ កាលពីឆ្នាំ២០២២ ជប៉ុនបានអនុម័តផែនការ ដើម្បីដាក់ពង្រាយមីស៉ីល ដែលមានសមត្ថភាពវាយប្រហារតបតលើសត្រូវ។

គួរបញ្ជាក់ថា ទំនាក់ទំនងជប៉ុនជាមួយចិន បានធ្លាក់ចុះខ្លាំង ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីចុងឆ្នាំមុនថា ទីក្រុងតូក្យូ អាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនសម្រេចវាយប្រហារលើកោះតៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាបញ្ហាស្នូលបំផុតក្នុងចំណោមផលប្រយោជន៍ស្នូលនានារបស់ខ្លួន ហើយជាបន្ទាត់ក្រហមដែលមិនត្រូវរំលង ឬជាន់ឈ្លីជាដាច់ខាត៕