សហរដ្ឋអាមេរិក៖ អាកាសយានដ្ឋានមួយរបស់រដ្ឋ Florida នឹងត្រូវប្តូរឈ្មោះដាក់តាមឈ្មោះប្រធានាធិបតី ដូណាល់ ត្រាំ (Video inside)
31-03-2026 16:27
(Florida)៖ អភិបាលរដ្ឋ Florida លោក Ron DeSantis បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ឱ្យប្តូរឈ្មោះអាកាសយានដ្ឋានអន្តរជាតិ Palm Beach International Airport ទៅជាឈ្មោះ Donald J. Trump International Airport វិញ បន្ទាប់ពីឈ្មោះរបស់លោកប្រធានាធិបតីអាមេរិក ត្រូវបានរំលេចឡើងនៅលើអគារ ស្ថាប័ន កម្មវិធីរដ្ឋាភិបាល នាវាចម្បាំង និងរួមទាំងក្រដាសប្រាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។
ការសម្រេចប្តូរឈ្មោះអាកាសយានដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីការអនុម័តយល់ព្រមរបស់រដ្ឋ Florida លើផែនការមួយកាលពីឆ្នាំមុន ដើម្បីបរិច្ចាគទីតាំងអចលនទ្រព្យមួយកន្លែង នៅកណ្តាលទីក្រុង Miami ធ្វើជាទីតាំងបណ្ណាល័យប្រធានាធិបតីរបស់លោក ត្រាំ។
មុនពេលអាចផ្លាស់ប្តូរជាសាធារណៈ សំណើផ្លូវការមួយត្រូវដាក់ជូនរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ដែលបន្ទាប់មក ត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះថ្មីនោះ ទៅក្នុងប្រព័ន្ធផែនទីនិងទិន្នន័យអាកាសចរណ៍នានា ហើយស្លាកសញ្ញាសម្គាល់អាកាសយានដ្ឋាន ក៏ត្រូវតែផ្លាស់ប្តូរដែរ៕


