FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កប៉ាល់ដឹកទំនិញយក្ស២គ្រឿងរបស់ចិន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព (Video inside)

31-03-2026 14:48

(មជ្ឈិមបូព៌ា)៖ ទិន្នន័យនៃការតាមដានចរាចរណ៍កប៉ាល់ នាថ្ងៃអង្គារនេះ បានបង្ហាញថា កប៉ាល់ដឹកទំនិញខ្នាតយក្សចំនួន២គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនចិន Cosco បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ ហើយបានចេញផុត​ពីតំបន់ឈូងសមុទ្រអារ៉ាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។

ទិន្នន័យពីវែបសាយ Marine Traffic បានបង្ហាញថា កប៉ាល់ឈ្មោះ CSCL Indian Ocean បានឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីវេលាម៉ោង០៩៖១៤ GMT ថ្ងៃចន្ទ ទី៣០ ខែមីនា ហើយនៅ២៧នាទីក្រោយមក កប៉ាល់មួយគ្រឿងទៀតឈ្មោះ CSCL Arctic Ocean ក៏បានឆ្លងកាត់ដោយសុវត្ថិភាពដូចគ្នា។ កប៉ាល់ទាំង២គ្រឿងនោះ បានបើកឆ្លងកាត់ក្បែរកោះ Larak ដែលគ្រប់គ្រងដោយ​អ៉ីរ៉ង់ ហើយនាពេលនេះ មានគោលដៅឆ្ពោះទៅកំពង់ផែ Klang នៃប្រទេសម៉ាឡេស៉ី។

បើតាម Marine Traffic កប៉ាល់ទាំង២គ្រឿងខាងលើ ដែលជាកប៉ាល់ដឹកកុងតឺន័រខ្នាតយក្សជារបស់ក្រុមហ៊ុនរដ្ឋចិន Cosco ធ្លាប់បានប៉ុនប៉ងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែបានបង់បោះចោលវិញ។ កាលពីថ្ងៃពុធ​សប្តាហ៍ដដែលនោះ Cosco បាននិយាយថា ខ្លួនកំពុងបើកទទួលការកក់ឡើងវិញ សម្រាប់ការដឹកជញ្ជូនទំនិញ ពីតំបន់អាស៉ីទៅកាន់​ប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រអារ៉ាប់ ប៉ុន្តែដោយមិនប្រើប្រាស់ផ្លូវដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ ក្រុមហ៊ុន Cosco ដែលមានមូលដ្ឋាននៅទីក្រុង Shanghai បានផ្អាកការកក់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន តាមច្រក Hormuz កាលពីដើម​ខែមីនា ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ចរាចរណ៍កប៉ាល់ដឹកជញ្ជូននៅច្រកសមុទ្រ Hormuz គឺត្រូវបានបិទខ្ទប់សឹងទាំងស្រុងដោយអ៉ឺរ៉ង់ ចាប់តាំងពីខ្លួន បានរងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៉ីរ៉ង់បានអះអាងថា ច្រកសមុទ្រនេះនៅបើកចំហចំពោះប្រទេសទាំងឡាយណា ដែលត្រូវបានចាត់ទុកជាមិត្ត។ ទីក្រុងតេហេរ៉ង់ បានរក្សាទំនាក់ទំនងការទូតល្អ ជាមួយចិន៕