ឥណ្ឌូណេស៉ី អំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន៣នាក់ បានស្លាប់នៅប្រទេសលីបង់ (Video inside)
31-03-2026 14:12
(ហ្សាការតា)៖ ឥណ្ឌូណេស៉ី បានអំពាវនាវយ៉ាងទទូចឱ្យភាគីជម្លោះនៅមជ្ឈិមបូព៌ា គោរពច្បាប់មនុស្សធម៌អន្តរជាតិ បន្ទាប់ពីទាហានរបស់ខ្លួន៣នាក់ ដែលស្ថិតក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) ត្រូវបានសម្លាប់នៅឯប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៉ី លោក Rico Ricardo Sirait បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «សុវត្ថិភាពរបស់កងកម្លាំងរក្សាសន្តិភាព ចាំបាច់ត្រូវតែជាអាទិភាពចម្បងបំផុត។ សូមឱ្យភាគីទាំងអស់នៅក្នុងជម្លោះ គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងធានាសន្តិសុខរបស់សមាជិកនៃបេសកកម្មរក្សាសន្តិភាព»។
បេសកកម្មរក្សាសន្តិភាពរបស់ UN នៅលីបង់ ហៅកាត់ UNIFIL បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពមកពីឥណ្ឌូណេស៉ី សរុបចំនួន៣នាក់ បានស្លាប់ ក្នុងឧប្បត្តិហេតុ២ដាច់ដោយឡែកពីគ្នា នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងនោះ២នាក់បានស្លាប់ កាលពីថ្ងៃចន្ទ បន្ទាប់ពីការផ្ទុះមួយមិនដឹងប្រភពច្បាស់ បានបំផ្លាញរថយន្តរបស់ពួកគេ នៅក្បែរតំបន់ Bani Hayyan។ រីឯម្នាក់ទៀតបានស្លាប់ កាលពីយប់ថ្ងៃអាទិត្យ នៅពេលគ្រាប់ផ្លោងមួយ បានផ្ទុះនៅទីតាំងឈរជើងរបស់ក្រុមទាហានឥណ្ឌូណេស៉ី ក្បែរភូមិ Adchit al-Qusayr។
គួរបញ្ជាក់ថា ឧប្បត្តិហេតុទាំងនេះ កើតឡើងចំពោះមុខការផ្ទុះសង្រ្គាមជាថ្មីរវាងអ៉ីស្រាអែល និងក្រុម Hezbollah ចាប់តាំងពីថ្ងៃទី២ ខែមីនា ពោលគឺត្រឹមប៉ុន្មានថ្ងៃ ក្រោយអាមេរិកនិងអ៉ីស្រាអែល បានវាយប្រហារលើប្រទេសអ៉ីរ៉ង់ ដែលរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូល ឱ្យធ្លាក់ចូលក្នុងភ្លើងជម្លោះ។ នាថ្ងៃអង្គារនេះ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានដឹងអំពីសេចក្តីរាយការណ៍ពាក់ព័ន្ធឧប្បត្តិហេតុទាំង២ ហើយកំពុងស៉ើបអង្កេតដើម្បីកំណត់ថា តើវាបង្កឡើងដោយសកម្មភាពរបស់ Hezbollah ឬក៏សកម្មភាពយោធាអ៉ីស្រាអែលផ្ទាល់៕



