FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទាហានឆត្រយោងអាមេរិករាប់ពាន់នាក់ ចាប់ផ្តើមទៅដល់តំបន់មជ្ឈិមបូព៌ា (Video inside)

31-03-2026 13:31

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា មន្រ្តីអាមេរិកបានឱ្យដឹងថា ទាហានរាប់ពាន់នាក់មកពីអង្គភាពទ័ពឆត្រយោងពិសេស​របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ស្របពេលដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងជំហានបន្ទាប់ ក្នុងសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កងទ័ពឆត្រយោងនេះ​ គឺថែមពីលើកងកម្លាំងអាមេរិករាប់ពាន់នាក់ រួមមានទាំងនាវិក ម៉ារីន និងកូម្មង់ដូរពិសេស ដែលត្រូវបានបញ្ជូនបន្ថែម​ទៅកាន់តំបន់មជ្ឈិមបូព៌ា។ កាលពីចុងសប្តាហ៍មុន ទាហានម៉ារីនប្រមាណ២៥០០នាក់ បានទៅដល់មជ្ឈិមបូព៌ា។

មន្រ្តីអាមេរិកមិនបានបង្ហើបពីទីតាំងជាក់លាក់ ដែលទាហានទាំងនោះ ត្រូវបានដាក់ពង្រាយទៅកាន់ឡើយ ហើយមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ ស្តីពីការបញ្ជូនទ័ពចូលទៅក្នុងប្រទេសអ៉ីរ៉ង់ ប៉ុន្តែពួកគេនឹងជួយពង្រឹងសមត្ថភាព ត្រៀមសម្រាប់ការធ្វើប្រតិបត្តិការដែលអាចប្រព្រឹត្តទៅ នាពេលអនាគត នៅក្នុងតំបន់។

គួរបញ្ជាក់ថា ការបញ្ជូនទ័ពតាមជើងគោកចូលអ៉ីរ៉ង់ ទោះក្នុងបេសកកម្មមានដែនកំណត់ក៏ដោយក្តី អាចបង្កហានិភ័យនយោបាយធំ​សម្រាប់លោក ត្រាំ ដ្បិតយុទ្ធនាការប្រឆាំងអ៉ីរ៉ង់នេះ ទទួលបានការគាំទ្រទាបពីសាធារណជនអាមេរិក ហើយលោក ត្រាំ ខ្លួនឯងផ្ទាល់ ធ្លាប់សន្យាបញ្ចៀសមិនឱ្យអាមេរិកជាប់ជំពាក់ក្នុងសង្រ្គាមថ្មីទៀតនៅមជ្ឈិមបូព៌ា។

គិតតាំងពីប្រតិបត្តិការចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ យោធាអាមេរិក បានបើកប្រតិបត្តិការវាយប្រហារប្រឆាំងគោលដៅ ច្រើនជាង១១ ០០០កន្លែង ហើយមកទល់ពេលនេះ ទាហានអាមេរិកជាង៣០០នាក់បានរងរបួស និង១៣នាក់បានបាត់បង់ជីវិត៕