សភាអ៉ីស្រាអែល អនុម័តច្បាប់កាត់ទោសប្រហារជីវិត ដែលកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីន
31-03-2026 10:50
(ហ្ស៊េរុយសាឡិម)៖ សភាអ៉ីស្រាអែល កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ បានអនុម័តច្បាប់មួយដែលនឹងអនុញ្ញាតឱ្យកាត់ទោសប្រហារជីវិតដោយព្យួរកជនជាតិប៉ាឡេស្ទីន ដែលត្រូវបានរកឃើញថា មានពិរុទ្ធភាពសម្លាប់ជនជាតិអ៉ីស្រាអែល បើទោះជាមានការរិះគន់ថាច្បាប់នេះមានលក្ខណៈរើសអើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ច្បាប់ខាងលើត្រូវបានអនុម័តដោយសភាអ៉ីស្រាអែលក្នុងសំឡេងគាំទ្រពីសមាជិកសភា ៦២នាក់ក្នុងនោះរួមមានទាំងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ទល់នឹង៤៨សំឡេងជំទាស់ នឹងច្បាប់នេះដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយរដ្ឋមន្ត្រីសន្តិសុខស្ដាំនិយមជ្រុល លោក Itamar Ben Gvir។ នៅក្រោមច្បាប់នេះ ទោសប្រហារជីវិតនឹងត្រូវអនុវត្តដោយស្វ័យប្រវត្តិលើជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ West Bank ដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពដោយចេតនាក្នុងការវាយប្រហារដែលបណ្ដាលឱ្យជនជាតិអ៉ីស្រាអែលស្លាប់ និងត្រូវបានចាត់ទុកជាអំពើភេវរកម្មដោយតុលាការយោធា អ៉ីស្រាអែល។
ច្បាប់នេះបានបញ្ជាក់ទៀតថាទោសប្រហារជីវិតអាចនឹងត្រូវបានបន្ធូរបន្ថយទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្រោមលក្ខខណ្ឌពិសេសមួយចំនួន។ ខុសពីជនជាតិអ៉ីស្រាអែល និងពលរដ្ឋប៉ាឡេស្ទីន ឬប្រជាជនរស់នៅក្នុងទីក្រុងហ្ស៊េរុយសាឡិមខាងកើត ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ West Bank ដែលអ៉ីស្រាអែលកំពុងធ្វើអាណានិគម ត្រូវបញ្ជូនទៅកាត់ទោសនៅតុលាការយោធាអ៉ីស្រាអែល ដោយស្វ័យប្រវត្តិ។ ច្បាប់នេះក៏បានចែងដែរថាជនជាតិអ៉ីស្រាអែលនឹងត្រូវបានកាត់ទោសប្រហារជីវិត ក្នុងករណីប្រពឹត្តការវាយប្រហារសម្លាប់មនុស្សដែលមានគោលដៅបំផ្លាញអត្ថិភាពរបស់អ៉ីស្រាអែល តែប៉ុណ្ណោះ។ នេះមានន័យថាការអនុវត្តទោសប្រហារជីវិតនឹងអនុវត្តដោយស្វ័យប្រវត្តិលើជនជាតិប៉ាឡេស្ទីន មិនមែនលើជនជាតិជ្វីហ្វអ៉ីស្រាអែលដែលបានប្រព្រឹត្តបទឧក្រិដ្ឋដូចគ្នានោះទេ។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានលុបចោលទោសប្រហារជីវិតក្នុងអំពើមនុស្សឃាតក្នុងឆ្នាំ១៩៥៤។ មនុស្សតែម្នាក់គត់ដែលត្រូវបានប្រហារជីវិតនៅអ៉ីស្រាអែលនៅក្នុងឆ្នាំ១៩៦២ បន្ទាប់ពីសវនាការកាត់ទោស គឺមានឈ្មោះថា Adolf Eichmann ជាអ្នកនៅពីក្រោយការសម្លាប់រង្គាលជនជាតិជ្វីហ្វដែលគេស្គាល់ថា Nazi Holocaust៕




