FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេតវិមាន៖ លោក ត្រាំ អាចនឹងស្នើឱ្យក្រុមប្រទេសអារ៉ាប់ ជួយចេញលុយធ្វើសង្រ្គាមប្រឆាំងនឹងអ៉ីរ៉ង់

31-03-2026 08:52

(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានចំណាប់អារម្មណ៍លើការស្នើសុំឱ្យបណ្ដាប្រទេសអារ៉ាប់ជួយចេញថ្លៃចំណាយលើសង្រ្គាមរបស់ សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ដែលត្រូវបានប៉ាន់ប្រមាណថារាប់សិបពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ធ្វើការអត្ថាធិប្បាយបែបនេះនៅពេលត្រូវបានសាកសួរកាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ថាតើបណ្ដាប្រទេសអារ៉ាប់គួរតែ ចេញលុយឱ្យសហរដ្ឋអាមេរិកធ្វើសង្រ្គាម ដូចដែលពួកគេធ្លាប់បានធ្វើអំឡុងអន្តរាគមន៍យោធារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្រ្គាមឈូងសមុទ្រឆ្នាំ១៩៩០ ដែរឬក៏យ៉ាងណា?

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រី Leavitt បាននិយាយថា «ខ្ញុំគិតថានេះជារឿងមួយដែលលោកប្រធានាធិបតីអាចនឹងស្នើសុំឱ្យពួកគេធ្វើ។ ខ្ញុំមិនចង់និយាយមុនគាត់ទេ លើរឿងនេះ តែពិតណាស់ នេះជាគំនិតមួយដែលខ្ញុំយល់ថាគាត់កំពុងគិត ហើយនេះជារឿងមួយដែលខ្ញុំគិតថាអ្នកនឹងបានស្ដាប់ឮផ្ទាល់ពីគាត់»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដឹកនាំក្រុមចម្រុះអន្តរជាតិមួយអំឡុងសង្រ្គាមឈូងសមុទ្រដើម្បីបង្ក្រាបការឈ្លានពានរបស់អ៉ីរ៉ាក់លើគុយវ៉ែត តបតាមសំណើរបស់បណ្ដាប្រទេសអារ៉ាប់។ ជាថ្នូរត្រឡប់ទៅវិញ ប្រទេសអារ៉ាប់ក្នុងតំបន់ និងប្រទេសជាសមាជិកក្នុងក្រុមចម្រុះអន្តរជាតិនេះក្នុងនោះរួមមានអាល្លឺម៉ង់ និងជប៉ុន បានរៃអង្គាសប្រាក់៥៤ពាន់លានដុល្លារ ដើម្បីចេញថ្លៃ ចំណាយធ្វើសង្រ្គាមឱ្យសហរដ្ឋអាមេរិក។ ៥៤ពាន់លានដុល្លារនៅពេលនោះស្មើនឹង ១៣៤ពាន់លានដុល្លារក្នុងពេលបច្ចប្បន្ន៕