FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ចាត់ទុកសំណើសន្តិភាពអាមេរិកថា «មិនប្រាកដនិយម» ខណៈលោក ត្រាំ គំរាមកម្ទេចអណ្តូងប្រេង (Video inside)

30-03-2026 21:55

(វ៉ាស៊ីនតោន)៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បានពណ៌នាសំណើរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមរយៈពេលមួយខែនៅមជ្ឈិមបូព៌ាថា «មិនប្រាកដនិយម មិនសមហេតុផល និងហួសហេតុ» ខណៈដែលខ្លួនបានបាញ់មីស៊ីលជាច្រើនថែមទៀតទៅលើអ៊ីស្រាអែល។ ការប្រយុទ្ធគ្នានេះ បានរុញច្រានតម្លៃប្រេងឱ្យកើនឡើងកាន់តែខ្ពស់ បន្ទាប់ពីក្រុមហ៊ូទីនៅយេម៉ែនបានចូលរួមក្នុងជម្លោះនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងតឹងរ៉ឹងមួយទៀតដល់អ៊ីរ៉ង់ ឱ្យបើកច្រកសមុទ្រ ហ័រមូស (Hormuz) ជាបន្ទាន់ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការវាយប្រហាររបស់អាមេរិក។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា «ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន... ហើយច្រកសមុទ្រមិនត្រូវបានបើកភ្លាមៗទេ យើងនឹងបញ្ចប់ការស្នាក់នៅដ៏ស្រស់ស្អាតរបស់យើងក្នុងប្រទេសអ៊ីរ៉ង់ ដោយការបំផ្ទុះ និងកម្ទេចចោលទាំងស្រុងនូវរោងចក្រអគ្គិសនី អណ្តូងប្រេង និងកោះ Kharg ទាំងអស់របស់ពួកគេ»។ ជម្លោះបានរីកធំឡើង ដោយមានការចូលរួមពីក្រុមហ៊ូទី និងហេសបូឡា ដែលបានបាញ់ដ្រូន និងរ៉ុក្កែតលើអ៊ីស្រាអែល។ ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីតេហេរ៉ង់ និងទីក្រុងបេរូត។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាហ្គាអ៊ី (Esmaeil Baghaei) បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ទទួលបានសារពីអាមេរិកតាមរយៈអ្នកសម្របសម្រួល ប៉ុន្តែបានរិះគន់សំណើទាំងនោះ។ លោកសង្កត់ធ្ងន់ថា «ជំហររបស់យើងគឺច្បាស់លាស់ណាស់។ យើងកំពុងរងការឈ្លានពានយោធា ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់យើងគឺផ្តោតលើការការពារខ្លួន»។ លោកក៏បានបង្ហើបថា សភាអ៊ីរ៉ង់កំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ផងដែរ។

គួរបញ្ជាក់ថា មន្ត្រីសន្តិសុខប៉ាគីស្ថានដែលកំពុងជួយសម្របសម្រួល បានអះអាងថាការចរចាផ្ទាល់រវាងអាមេរិក និងអ៊ីរ៉ង់ ទំនងជាមិនអាចកើតឡើងក្នុងសប្តាហ៍នេះទេ ខណៈលោក ត្រាំ កំពុងបន្តបញ្ជូនទ័ពអាមេរិកបន្ថែមទៅកាន់តំបន់នោះ៕