លោក ត្រាំ ព្រមានអ៉ីរ៉ង់ជាថ្មីឱ្យបើកច្រកសមុទ្រ Hormuz បើមិនដូច្នេះទេ នឹងកម្ទេចរោងចក្រអគ្គិសនី និងឃ្លាំងស្តុកប្រេងចោលទាំងស្រុង
30-03-2026 19:03
(វ៉ាស៊ីនតោន)៖ នាថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសារព្រមានជាថ្មីទៅកាន់ប្រទេសអ៉ីរ៉ង់ថា ត្រូវតែបើកច្រកសមុទ្រហ័រមូស (Hormuz) ឱ្យដំណើរការឡើងវិញជាបន្ទាន់ បើមិនដូច្នោះទេ អាមេរិកនឹងវាយប្រហារកម្ទេចរោងចក្រថាមពលអគ្គិសនី ឃ្លាំងប្រេង និងកោះ Kharg របស់អ៉ីរ៉ង់ចោលទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តាមរយៈសារលើបណ្តាញសង្គម លោក ត្រាំ បានអះអាងថា កិច្ចចរចាកំពុងមាន «វឌ្ឍនភាពដ៏អស្ចារ្យ» ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបានក្នុងពេលឆាប់ៗនេះ ហើយច្រកសមុទ្រ Hormuz មិនត្រូវបានបើកឱ្យ «ដំណើរការអាជីវកម្ម» វិញទេនោះ អាមេរិកនឹងបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ង់ តាមរយៈការកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗទាំងអស់របស់ទីក្រុងតេហេរ៉ង់។
គួរបញ្ជាក់ថា ការព្រមាននេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កំពុងស្ថិតក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះសង្គ្រាមដែលបានបង្កការរាំងស្ទះដល់ការដឹកជញ្ជូនថាមពលពិភពលោកអស់រយៈពេលជាច្រើនសប្តាហ៍មកនេះ៕
