FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អូស្រ្តាលី បញ្ចុះពន្ធប្រេងឥន្ធនៈ ជាមួយការធានាថានឹងមានប្រេងសម្រាប់ផ្គត់ផ្គង់ ចំពោះមុខវិបត្តពីមជ្ឈិមបូព៌ា

30-03-2026 16:22

(ស៉ីដនី)៖ នាថ្ងៃចន្ទ ទី៣០ ខែមីនា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា រដ្ឋាភិបាលនឹងបញ្ចុះពន្ធពាក់កណ្តាលលើប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ហើយលុបចោលការគិតថ្លៃការប្រើប្រាស់ផ្លូវ ដោយរថយន្តដឹកទំនិញធុនធ្ងន់ សម្រាប់រយៈពេល ៣ខែ ដើម្បីជួយប្រជាជនទប់ទល់នឹងការកើនឡេីងថ្លៃចំណាយ ដែលបណ្តាលមកពីសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក Albanese ការបញ្ចុះពន្ធពាក់កណ្តាលអាចបន្ថយតម្លៃប្រេងប្រហែល ២៦សេនអូស្ត្រាលីក្នុងមួយលីត្រ។ រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Bowen និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Jim Chalmers បានឱ្យដឹងថា ការចំណាយសរុបដល់រដ្ឋាភិបាលនឹងមានប្រហែល ២.២៣ពាន់លានដុល្លារអូស្ត្រាលី ឬ ១.៧៥ពាន់លានដុល្លារអាមេរិក។

សង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ នៅមជ្ឈិមបូព៌ា បានរារាំការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលរួមចំណែកប្រហែល ២០ភាគរយនៃពិភពលោក។ ប្រេងឆៅប្រភេទ Brent បានកើនឡើង ៥៩ភាគរយនៅខែមីនា ដែលជាការកើនឡើងប្រចាំខែកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយមានតម្លៃប្រហែល ១១៦ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃចន្ទនេះ។

នៅអូស្រ្តាលី តម្លៃលក់រាយជាមធ្យមនៃប្រេងម៉ាស៊ូតមួយលីត្របានកើនឡើងដល់ជាង ៣ដុល្លារអូស្ត្រាលី កាលពីសប្តាហ៍មុន ហើយប្រេងឥន្ធនៈបានកេីនដល់ ២.៥០ដុល្លារអូស្រ្តាលី។ នេះបើយោងតាមរបាយការណ៍ថ្ងៃទី២៩ ខែមីនាពីវិទ្យាស្ថានប្រេងអូស្ត្រាលី៕