មីយ៉ាន់ម៉ាតែងតាំងប្រមុខយោធាថ្មី ជំនួសលោក Min Aung Hlaing ដែលត្រៀមកាន់តួនាទីស៉ីវិលជាប្រធានាធិបតី (Video inside)
30-03-2026 13:13
(ណៃពិដោ)៖ ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នាថ្ងៃចន្ទនេះ ត្រូវបានស្នើឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ដើម្បីបើកផ្លូវឱ្យមេដឹកនាំរដ្ឋប្រហាររូបនេះ ក្លាយជាប្រធានាធិបតី ហើយបន្តកាន់អំណាចរបស់ខ្លួន ក្នុងសម្លៀកបំពាក់ស៉ីវិល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦។
លោក Min Aung Hlaing ស្ថិតក្នុងចំណោមមនុស្ស២នាក់ ដែលត្រូវបានសមាជិកនៃរដ្ឋសភាមីយ៉ាន់ម៉ា ជ្រើសរើសឱ្យឈរឈ្មោះ ជាបេក្ខជនអនុប្រធានាធិបតី។ ព្រឹទ្ធសភាមីយ៉ាន់ម៉ា ក៏ត្រូវបានរំពឹងថានឹងជ្រើសរើសមនុស្សម្នាក់ទៀត ឱ្យឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីផងដែរ។ បន្ទាប់មក សភាទាំង២ នឹងបោះឆ្នោតរើសយកម្នាក់ក្នុងចំណោមបេក្ខជនទាំង៣ ឱ្យក្លាយជាប្រធានាធិបតី។ ប៉ុន្តែកាលបរិច្ឆេទនៃការបោះឆ្នោតនោះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
គួរបញ្ជាក់ថា លោក Ming Aung Hlaing បានដឹកនាំមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលលោកបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោងសាន ស៊ូជី ហើយធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងសង្រ្គាមស៉ីវិល មកទល់សព្វថ្ងៃ។ គណបក្សគាំទ្រដោយយោធា បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកលកាលពីខែមករា។ ដោយឡែក នាថ្ងៃចន្ទនេះ របបសឹកក៏បានតែងតាំងអគ្គមេបញ្ជាការយោធាថ្មីផងដែរ គឺអតីតប្រធានចារកម្មយោធាលោក Ye Win Oo ជំនួសលោក Min Aung Hlaing ដែលបានកាន់តួនាទីនេះ តាំងតែពីឆ្នាំ២០១១៕
