មេដឹកនាំគណបក្សប្រឆាំងតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅចិននៅខែក្រោយ មុនដំណើរទស្សនកិច្ចរបស់លោក ត្រាំ (Video inside)
30-03-2026 10:36
(ប៉េកាំង)៖ មេដឹកនាំគណបក្ស Kuomintang ដែលជាបក្សប្រឆាំងធំបំផុតរបស់តៃវ៉ាន់ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ចិននៅខែមេសាខាងមុខ តបតាមការអញ្ជើញពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាដំណើរទស្សនកិច្ចមួយដែលនឹងត្រូវធ្វើឡើង ១ខែមុននឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
អតីតសមាជិកសភាតៃវ៉ាន់ លោកស្រី Cheng Li-wun បានជាប់ឆ្នោតជាប្រធានគណបក្ស Kuomintang កាលពីខែតុលា ឆ្នាំ២០២៥ និងបានបញ្ជូនសញ្ញាចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយ ទីក្រុងប៉េកាំង ខ្លាំងជាងប្រធានមុនរបស់បក្ស គឺលោក Eric Chu ដែលមិនធ្លាប់ធ្វើដំណើរទស្សនកិច្ចទៅកាន់ចិនឡើយ អំឡុងអាណត្តិជាប្រធានបក្សរបស់លោកដែលចាប់ផ្ដើមក្នុងឆ្នាំ២០២១។
ចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានបដិសេធចរចាជាមួយរដ្ឋាភិបាលរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ដែលប៉េកាំងចាត់ទុកជាជនឧទ្ទាមផ្ដាច់ខ្លួន ខណៈបង្ហាញជំហរទន់ភ្លន់ ចំពោះគណបក្ស Kuomintang។ ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ គណបក្ស Kuomintang បានឱ្យដឹងថាលោកស្រី Cheng ពិតជាអរគុណសម្រាប់ការអញ្ជើញ និងបានទទួលយកដោយក្ដីរីករាយ។ តាមសេចក្ដីថ្លែងការណ៍ដដែល លោកស្រី Cheng បានបង្ហាញក្ដីសង្ឃឹមថាគណបក្សទាំង២ គឺគណបក្ស Kuomintang និងគណបក្សកុម្មុយនិស្តចិនអាចនឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៃទំនាក់ទំនងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាពង្រឹងការផ្ដោះប្ដូរត្រើយទាំងសងខាង កិច្ចសហប្រតិបត្តិការ ធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងពង្រឹងសុខមាលភាពរបស់ប្រជាជន។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោកស្រី Cheng នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង សៀងហៃ និងខេត្ត Jiangsu ស្ថិតនៅភាគខាងកើតប្រទេសចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា៕

