FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កប៉ាល់ដឹកប្រេងរុស្ស៉ីធ្វើដំណើរទៅកាន់គុយបា មិនខ្វល់ពីការបិទខ្ទប់របស់សហរដ្ឋអាមេរិក (Video inside)

30-03-2026 09:20

(នៅលើយន្ដហោះ AIR FORCE ONE)៖ កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់រុស្ស៉ីបានធ្វើដំណើរចូលក្នុងដែនទឹករបស់ប្រទេសគុយបា និងត្រូវបានរំពឹងថានឹងធ្វើដំណើរទៅដល់កំពង់ផែ នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ហើយដែលប្រេងទាំងនេះនឹងផ្ដល់ក្ដីសង្ឃឹមដល់គុយបា នៅចំពោះមុខការបិទខ្ទប់របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ទិន្នន័យតាមដានការធ្វើដំណើររបស់កប៉ាល់បានបង្ហាញថាកប៉ាល់ដឹកប្រេងរុស្ស៉ីឈ្មោះ Anatoly Kolodkin បានស្ថិតនៅក្បែរចុងភាគខាងកើតនៃឆ្នេរគុយបាកាលពីថ្ងៃអាទិត្យ ហើយ ត្រូវបានរំពឹងថាអាចនឹងធ្វើដំណើរទៅដល់កំពង់ផែ Matanzas នៅថ្ងៃចន្ទនេះ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air ​Force One ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់បន្ទន់ជំហរក្នុងការអនុញ្ញាតឱ្យប្រេងចូលទៅកាន់គុយបា។ «ប្រសិនបើប្រទេសមួយចង់បញ្ជូនប្រេងមួយចំនួនទៅឱ្យគុយបា ក្នុងពេលនេះ ខ្ញុំមិនមានបញ្ហាអ្វីទេមិនថា ប្រទេសនោះជារុស្ស៉ី ឬក៏អត់នោះទេ»

គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន រដ្ឋបាលលោក ត្រាំ បានបិទខ្ទប់ និងឈប់ការដឹកជញ្ជូនប្រេងទៅកាន់គុយបា ក្នុងចេតនាដាក់សម្ពាធរដ្ឋាភិបាលគុយបា ខណៈបញ្ជូនសារគំរាមកំហែង ជាបន្តបន្ទាប់ប្រឆាំងទីក្រុងឡាហាវ៉ានផងដែរ។

កាសែតអាមេរិក New York Times ដោយផ្អែកលើមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាឆ្មាំសមុទ្រអាមេរិកបានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងជាប់ទណ្ឌកម្ម ធ្វើដំណើរឆ្ពោះទៅកាន់គុយបា បើទោះជាគេមិនទាន់ដឹងថាតើហេតុអ្វីបានសហរដ្ឋអាមេរិកធ្វើបែបនេះក៏ដោយ។ ប៉ុន្តែ ការរារាំងកប៉ាល់ដឹកប្រេងរុស្ស៉ីដោយប្រើកម្លាំងបាយ អាចនឹងបង្កើន ហានិភ័យនៃជម្លោះជាមួយរុស្ស៉ី ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងកាលៈទេសៈដ៏សំខាន់មួយក្នុងភូមិសាស្ត្រនយោបាយសព្វថ្ងៃ គឺសង្រ្គាមជាមួយអ៉ីរ៉ង់៕