FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសអ៉ីស្រាអែល ហាមឃាត់ព្រះសង្ឃកាតូលិក មិនឱ្យចូលប្រារព្ធពិធីបុណ្យនៅព្រះវិហារ Holy Sepulchre ជាលើកដំបូង

29-03-2026 21:22

(ហ្សេរុយសាឡិម)៖ នាថ្ងៃអាទិត្យនេះ អាជ្ញាធរប៉ូលិសអ៉ីស្រាអែល បានរារាំងព្រះសង្ឃកាតូលិក Latin Patriarch of Jerusalem មិនឱ្យចូលប្រារព្ធពិធីបុណ្យ Palm Sunday នៅឯព្រះវិហារ Holy Sepulchre ដែលជាការហាមឃាត់ «ជាលើកដំបូងក្នុងរយៈពេលរាប់សតវត្សរ៍មកនេះ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្រះសង្ឃ Cardinal Pierbattista Pizzaballa និងព្រះសង្ឃដទៃទៀត ត្រូវបានប៉ូលិសស្ទាក់ផ្លូវមិនឱ្យចូលទៅកាន់ព្រះវិហារដ៏ពិសិដ្ឋ ដែលគ្រីស្ទបរិស័ទជឿថាជាទីកន្លែងដែលព្រះយេស៊ូត្រូវបានឆ្កាង និងរស់ឡើងវិញនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ព្រះវិហារកាតូលិកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយបញ្ជាក់ថា នេះគឺជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំព្រះវិហារត្រូវបានរារាំងមិនឱ្យធ្វើពិធីសាសនានៅថ្ងៃដ៏សំខាន់នេះ។

គួរបញ្ជាក់ថា ជុំវិញការហាមឃាត់នេះ ប៉ូលិសអ៉ីស្រាអែលបានពន្យល់ថា ទីតាំងសក្ការៈទាំងអស់ក្នុងទីក្រុងចាស់នៃហ្សេរុយសាឡិម ត្រូវបានបិទមិនឱ្យអ្នកគោរពបូជាចូលចាប់តាំងពីសង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់បានផ្ទុះឡើងមក ជាពិសេសនៅតាមទីតាំងដែលគ្មានលេណដ្ឋានការពារគ្រាប់បែក។ ប៉ូលិសបានបន្ថែមថា តំបន់នោះមានលក្ខណៈស្មុគស្មាញខ្លាំង ដែលរថយន្តសង្គ្រោះបន្ទាន់មិនអាចចូលទៅដល់បាន ប្រសិនបើមានហេតុការណ៍គ្រោះថ្នាក់ទ្រង់ទ្រាយធំកើតឡើង ដែលបង្កជាហានិភ័យខ្ពស់ដល់អាយុជីវិតមនុស្ស៕