លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹងសម្រាប់មីស៊ីល ICBM (Video inside)
29-03-2026 14:10
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការធ្វើតេស្តម៉ាស៊ីនរ៉ុក្កែត ដំណើរការដោយឥន្ធនៈរឹង ដែលនេះជាសញ្ញាមួយបង្ហាញពីការជំរុញរបស់ទីក្រុងព្យុងយ៉ាងក្នុងការពង្រឹងឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
KCNA នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន បាននិយាយថាការធ្វើតេស្ដម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹងខាងលើ គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង ក្រោមផែនការថ្មីមួយមានរយៈពេល៥ឆ្នាំ។ ក្រុមអ្នកជំនាញ ដូចជាលោក Hong Min ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបាននិយាយថាម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹង ត្រូវបានកូរ៉េខាងជើងអភិវឌ្ឍឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ក៏ដូចជា ពង្រីកសមត្ថភាពមីស៊ីលដែលវាយប្រហារលើគោលដៅនៅជុំវិញពិភពលោក។
លោកបានប្រាប់ AFP ទៀតថាតាមរយៈការបង្កើនកម្លាំងរុញជាអតិបរមា នេះបានបង្ហាញថាពីចេតនារបស់កូរ៉េខាងជើងដើម្បីកាន់កាប់មីស៊ីល ICBM ដែលអាចបាញ់គោលដៅនានានៅជុំវិញពិភពលោក និងបាញ់ទម្លុះខែលប្រឆាំងមីស៊ីលរបស់សត្រូវ។
គួរបញ្ជាក់ថា បើតាម KCNA លោក គីម ជុងអ៊ុន ក៏បានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានបណ្ដុះបណ្ដាលកងទ័ពពិសេសកូរ៉េខាងជើងផងដែរ និងត្រួតពិនិត្យការធ្វើសមយុទ្ធផងដែរ៕



