អ៊ុយក្រែន ព្រមព្រៀងលើកិច្ចសហប្រតិបត្តិការយោធាជាមួយកាតា អេមីរ៉ាតអារ៉ាប់រួម អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី (Video inside)
29-03-2026 10:10
(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ បានយល់ព្រមលើកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអេមីរ៉ាតអារ៉ាប់រួម និងកាតា អំឡុងលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់ប្រទេសទាំង២ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការពារជាតិកាតា បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាទីក្រុងដូហា និងទីក្រុងកៀវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិមួយក្នុងនោះរួមមានទាំង ការផ្ដោះប្ដូរជំនាញបច្ចេកទេសប្រឆាំងមីស៊ីល និងដ្រូន។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទខ្លីមួយតាមប្រព័ន្ធអនឡាញ លោក ហ្សេលេនស្គីបាននិយាយថាអ៊ុយក្រែនបានចុះហត្ថលេខា រួចហើយលើកិច្ចព្រមព្រៀងភាពជាដៃគូមានរយៈពេល១០ឆ្នាំជាមួយអារ៉ាប៊ីសាអូឌីត និងបានចុះកិច្ចព្រមព្រៀងមានរយៈពេល១០ឆ្នាំដូចគ្នាជាមួយកាតា ហើយក៏នឹងចុះហត្ថលេខាជាមួយ អេមីរ៉ាតអារ៉ាប់រួមផងដែរឆាប់ៗ។
គួរបញ្ជាក់ថា សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានសម្លាប់មនុស្សជាង ២០០០នាក់ និងកំពុងធ្វើឱ្យទីផ្សារពិភលោកចលាចលដោយសារតែតម្លៃថាមពលឡើងថ្លៃ នៅចំពោះមុខការបិទច្រកសមុទ្រ Hormuz។ អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញបាញ់ទម្លាក់ដ្រូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយដល់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រទប់ទល់នឹង ការវាយប្រហារដោយដ្រូនពីអ៉ីរ៉ង់។ លោក ហ្សេលេនស្គីក៏បានបញ្ជាក់ដែរថាអ៊ុយក្រែនសង្ឃឹមថានឹងទទួលបានគាំទ្រត្រឡប់មកវិញពីបណ្ដាប្រទេសឈូងសមុទ្រ ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៉ី៕





