FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់បាញ់មីស៉ីលផ្ទុកក្បាលគ្រាប់ចង្កោមលើអ៉ីស្រាអែល បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់របួស (Video inside)

28-03-2026 11:56

(ហ៊្សេរុយសាឡិម)៖ កាលពីចន្លោះយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែល អះអាងថា អ៉ីរ៉ង់បានបាញ់មីស៉ីលយ៉ាងហោច៥លើក សំដៅមកលើប្រទេសរបស់ខ្លួន ក្នុងចន្លោះពេលត្រឹមជាង៥ម៉ោង ជាហេតុនាំឱ្យប្រព័ន្ធការពារដែនអាកាសធ្វើការឆ្លើយតបយ៉ាងសកម្ម ហើយសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅពាសពេញប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍័ ទី២៨ ខែមីនា ឆ្នាំ២០២៦។

សេវាសង្រ្គោះបន្ទាន់អ៉ីស្រាអែល បានឱ្យដឹងថា អំឡុងការវាយប្រហារនោះ បុរសម្នាក់បានស្លាប់នៅទី​ក្រុង Tel Aviv ហើយបុរស២នាក់ផ្សេងទៀត អាយុ៦៥ឆ្នាំ និង៥០ឆ្នាំ បានរងរបួសក្នុងឧប្បត្តិហេតុដាច់ដោយឡែក នៅក្នុងទី​ក្រុង។ ដោយឡែក ក៏មានអ្នករងរបួស២នាក់ទៀត នៅក្រុង Kuseife ភាគខាងត្បូង ផងដែរ។ អាជ្ញាធរអ៉ីស្រាអែល បានអះអាងថា អគារស្នាក់នៅមួយខ្នង បានរងការវាយប្រហារដោយគ្រាប់ចង្កោម ដែលបែកចេញពីក្បាលមីស៉ីលរបស់អ៉ីរ៉ង់។ គ្រាប់ចង្កោម គឺពួកវាផ្ទុះនៅលើផ្ទៃអាកាស ហើយបាចសាចគ្រាប់បែកតូចៗ ទៅលើតំបន់ធំទូលាយ។ កន្លងមក ទាំងអ៉ីស្រាអែលទាំងអ៉ីរ៉ង់ សុទ្ធតែបានចោទប្រកាន់គ្នា​ទៅវិញទៅមក អំពីការប្រើប្រាស់គ្រាប់បែកចង្កោម។

គួរបញ្ជាក់ថា មុនការប្រកាសពីតួលេខអ្នកស្លាប់ថ្មីចុងក្រោយខាងលើ អាជ្ញាធរអ៉ីស្រាអែល បានប្រាប់ថា ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ បានផ្តាច់ជីវិតជនស៉ីវិល​នៅក្នុងប្រទេសរបស់ខ្លួន ចំនួន១៨នាក់ រាប់តាំងពីសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ពួកគេបានអះអាងថា ការវាយប្រហារមីស៉ីលរបស់អ៉ីរ៉ង់ បានសម្លាប់​ជនជាតិអ៉ីស្រាអែលផ្ទាល់១៣នាក់ ក្នុងនោះមានក្មេង៤នាក់ រួមជាមួយអ្នកថែទាំម្នាក់ ជាជនជាតិហ្វីលីពីន និងជនជាតិថៃម្នាក់៕