FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនហ្វីលីពីននាំគ្នាធ្វើបាតុកម្ម ដោយសារជួបទុក្ខលំបាកខ្លាំងព្រោះតែការកើនឡើងតម្លៃប្រេងឥន្ធនៈ (Video inside)

28-03-2026 11:27

(ម៉ានីល)៖ ក្នុងសប្តាហ៍នេះ ប្រជាជនហ្វីលីពីនជាច្រើននាក់ ភាគច្រើនជាបុគ្គលិកធ្វើការផ្នែកដឹកជញ្ជូន បាននាំគ្នាចេញធ្វើបាតុកម្មនៅរដ្ឋធានីម៉ានីល និងទីក្រុងដទៃទៀត ដើម្បីតវ៉ាការកើនឡើងខ្ពស់កប់ពពកនៃតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នាថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦។

បាតុកម្មខាងលើកើតមាន បន្ទាប់ពីនាពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសភាពអាសន្នថ្នាក់ជាតិផ្នែកថាមពល ដោយសារតែផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា។ ក្រុមអ្នកតវ៉ានៅទីក្រុងម៉ានីល បាននិយាយថា តម្លៃប្រេងម៉ាស៊ូតបានកើនប្រហែលទ្វេដង គិតចាប់តាំងពី​សង្រ្គាមមជ្ឈិមបូព៌ាផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាលលោក Marcos ចាត់វិធានការបន្ថែម ដើម្បីទម្លាក់តម្លៃប្រេងឥន្ធនៈមកវិញ ដំឡើងថ្លៃធ្វើដំណើរនៃសេវាដឹកជញ្ជូនសាធារណៈ និងបង្កើនប្រាក់ឈ្នួល។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក Marcos បាននិយាយថា រដ្ឋាភិបាលកំពុងព្យាយាមស្វែងរកប្រភពជំនួសនៃប្រេងឆៅ ក្រៅពីតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃព្រហស្បតិ៍ កប៉ាល់ដឹកប្រេងឆៅរុស្ស៉ីចំនួន៧០០ ០០០បារ៉ែល បានមកដល់ប្រទេសហ្វីលីពីន ហើយរដ្ឋាភិបាលលោក Marcos បានអះអាងថា មានប្រេងសម្រាប់បន្តផ្គត់ផ្គង់ដល់ខែមិថុនា។ មិនត្រឹមតែហ្វីលីពីនប៉ុណ្ណោះទេ បណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ក៏កំពុងជួបវិបត្តិប្រេងឡើងថ្លៃ ដោយសារតែសង្រ្គាមមជ្ឈិមបូព៌ា ដូចគ្នាដែរ៕